នគរបាលស៊ុយអែត នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារ ក្បែរទីតាំងមួយកន្លែងរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Gothenburg ដែលទូរទស្សន៍ជាតិ បានរាយការណ៍ថា ជាអង្គភាពរបស់ក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិអ៊ីស្រាអែល ឈ្មោះ Elbit Systems។
នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានរបាយការណ៍អំពីអ្នករងរបួសនោះទេ។ នគរបាលបានបន្ថែមថា ជនសង្ស័យវ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ហើយការស៊ើបអង្កេតបឋម ជុំវិញការសង្ស័យប៉ុនប៉ងមនុស្សឃាត និងឧក្រិដ្ឋកម្មអាវុធធ្ងន់ធ្ងរ ត្រូវបានចាប់ផ្តើមឡើង។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Elbit Systems Sweden បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ។
ដោយដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណ ទូរទស្សន៍សាធារណៈ SVT និងប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតផ្សេងទៀត បានរាយការណ៍ថា ជនសង្ស័យនោះមានអាយុក្រោម ១៥ឆ្នាំ។
អ្នកនាំពាក្យនគរបាលបាននិយាយថា រហូតមកដល់ពេលនេះ មានជនសង្ស័យតែម្នាក់ប៉ុណ្ណោះ ហើយថា អ្នកស៊ើបអង្កេតមិនបានដឹងនោះទេនូវការគំរាមកំហែងជាក់ស្តែងណាមួយ ចំពោះទីតាំងអ៊ីស្រាអែលផ្សេងទៀត នៅក្នុងតំបន់ Gothenburg ភាគខាងត្បូងប្រទេសស៊ុយអែត៕


