វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ បាននិយាយថា ការអះអាងពីប្រមុខសេវាសន្តិសុខ MI5 របស់ចក្រភពអង់គ្លេស ដែលថា ទីភ្នាក់ងារស៊ើបការណ៍យោធា GRU របស់រុស្ស៊ី កំពុងធ្វើឲ្យមានភាពវឹកវរ នៅទូទាំងចក្រភពអង់គ្លេស និងអឺរ៉ុប គឺគ្មានមូលដ្ឋាន ហើយសមនឹងមិនទទួលបានការចាប់អារម្មណ៍។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអង្គារ (ទី៨ ខែតុលា) ប្រមុខទីភ្នាក់ងារ MI5 លោក Ken McCallum បាននិយាយថា GRU គឺ «ស្ថិតនៅក្នុងបេសកកម្មមានការគាំទ្រ ដើម្បីបង្កើតភាពអសន្តិសុខ នៅតាមដងផ្លូវរបស់អង់គ្លេស និងអឺរ៉ុប ដែលត្រូវបានឃើញ មានដូចជាការដុត អំពើវិឆ្ឆេទកម្ម និងអ្វីៗជាច្រើនទៀត»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងមិនទទួលយកការចោទប្រកាន់បែបនេះទេ ហើយពួកគេមិនសមនឹងទទួលបានការយកចិត្តទុកដាក់ឡើយ។ លោកបានបន្ថែមថា៖ «សេចក្តីថ្លែងការណ៍ទាំងអស់នេះ គឺពិតជាគ្មានការបញ្ជាក់ និងមូលដ្ឋានច្បាស់លាស់ឡើយ»។
ស្របពេលសង្គ្រាម នៅអ៊ុយក្រែន កំពុងបន្តមាន បណ្តាប្រទេសនៅអឺរ៉ុប និងសម្ព័ន្ធមិត្តអង្គការណាតូ បានចោទប្រកាន់ចារកម្មរុស្ស៊ីថា បានបង្កើនសកម្មភាពអរិភាពជាច្រើន នៅទូទាំងទ្វីប ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

