ស្រុក St Lucie ស្ថិតនៅភាគខាងកើតរដ្ឋ Florida សហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្ស ៤នាក់ បានស្លាប់ ក្រោយព្យុះកួច វាយប្រហារតំបន់នោះ ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ក្រុមឆ្លើយតបដំបូង និងក្រុមការងារសង្រ្គោះ កំពុងធ្វើការឆ្លើយតប និងធ្វើការងារស្តាឡើងវិញផលប៉ះពាល់បណ្តាលមកពីព្យុះកួចចំនួន ២ ដែលបានវាយប្រហារមុនការមកដល់របស់ព្យុះ Milton ។
អ្នកពិនិត្យវេជ្ជសាស្រ្តស្រុក St Lucie បានបញ្ជាក់ថា មនុស្សស្លាប់ ៤នាក់នេះ គឺដោយសារព្យុះកួចចំនួន ៣ ។ នៅមុននេះ ពួកយើងបានរាយការណ៍ករណីមនុស្សស្លាប់ ប៉ុន្តែចំនួនមនុស្សស្លាប់ពិតប្រាកដពុំត្រូវបានដឹងច្បាស់នោះទេ ។
ដោយឡែក ផ្ទះ និងអគារធុរកិច្ចជាង ៣លានខ្នង គ្មានចរន្តអគ្គិសនី ហើយមនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅតាមតំបន់ឆ្នេរអាត្លង់ទិករបស់រដ្ឋ Florida ។
នៅទីក្រុង St Petersburg ដែលស្ថិតនៅតាមតំបន់ឆ្នេរភាគខាងលិចរដ្ឋ Florida ការផ្គត់ផ្គង់ទឹក ត្រូវបានកាត់ផ្តាច់ ដងស្ទួច បានធ្លាក់សង្កត់លើអគារកាសែត ហើយតំបន់ពហុកីឡដ្ឋាន Major League Baseball ត្រូវបានខ្យល់បក់បំប៉ើង ។
តំបន់មួយចំនួននៅក្នុងរដ្ឋ Florida មានបរិមាណទឹកភ្លៀងស្មើនឹង ០,១ភាគរយនៃបរិមាណទឹកភ្លៀងប្រចាំឆ្នាំ ខណៈដែលព្យុះកំពុងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រអាត្លង់ទិក ប៉ុន្តែវានៅតែបង្កើតខ្យល់កម្លាំងព្យុះសង្ឃរាដដែរ និងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលើដីគោក ។
សេវាកម្មសង្រ្គោះបន្ទាន់នៅរដ្ឋ Florida និយាយថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការឆ្លើយតបនឹងការហៅទូរស័ព្ទ ៕

