អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បាននិយាយថា សម្ព័ន្ធភាពយោធាមួយនេះ នឹងចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទ ដោយលំហាត់សមនេះកើតមាន ស្របពេលដែលវោហាសាស្ត្រនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានកាន់តែខ្លាំងឡើងៗ។
មន្ត្រីអង្គការណាតូ បាននិយាយថា យន្តហោះចម្បាំង F-35A និងយន្តហោះទម្លាក់គ្រាប់បែក B-52 នឹងស្ថិតក្នុងចំណោមយន្តហោះប្រហែល ៦០គ្រឿង មកពីប្រទេសចំនួន ១៣ ដែលចូលរួមក្នុងសមយុទ្ធឈ្មោះ Steadfast Noon ដែលរៀបចំដោយប្រទេសបែលហ្ស៊ិក និងហូឡង់។
បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅទីក្រុងឡុងដ្រ៍ លោក Rutte បាននិយាយថា៖ «នៅក្នុងពិភពលោកដែលមិនប្រាកដប្រជា វាមានសារៈសំខាន់ណាស់ ដែលយើងសាកល្បងសមត្ថភាពការពាររបស់យើង ហើយយើងពង្រឹងការការពាររបស់យើង ដើម្បីឲ្យសត្រូវរបស់យើងដឹងថា អង្គការណាតូត្រៀមខ្លួនរួចជាស្រេចហើយ និងដើម្បីឲ្យយើងអាចឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ»។
លោកបានបន្ថែមថា៖ «សមយុទ្ធទាំងមូលនឹងផ្តោតជាពិសេសទៅលើចក្រភពអង់គ្លេស សមុទ្រខាងជើង ប៉ុន្តែក៏មានបែលហ្សិក និងហូឡង់ផងដែរ»។
យ៉ាងណាក្ដី សមយុទ្ធនេះមិនប្រើអាវុធបាញ់គ្រាប់ពិតនោះទេ។ មន្ត្រីបាននិយាយថា ប៉ុន្តែបុគ្គលិកយោធាប្រហែល ២.០០០នាក់ដែលចូលរួមក្នុងការហាត់សមនេះ នឹងក្លែងធ្វើបេសកកម្មដែលយន្តហោះចម្បាំងមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ បើយោងតាមមន្ត្រីមកពីសម្ព័ន្ធមិត្តយោធាឆ្លងមហាសមុទ្រអាត្លង់ទិកដែលមានសមាជិក ៣២ប្រទេសនេះ បានឲ្យដឹងថា ហ្គេមធ្វើសង្គ្រាមនេះនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ហើយមានរយៈពេលប្រហែល ២សប្តាហ៍៕

