
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ ឃើញកុមារត្រូវបានថតដោយប្រធានមន្ទីរពេទ្យ Kamal Adwan លោក Hussam Abu Safiya ដែលស្ថិតក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្កាហ្សា ។
នៅក្នុងវីដេអូនេះ ឃើញទារក និងកុមារក្មេងៗ ជាមួយនឹងមនុស្សប្រុសពេញវ័យនៅលើគ្រែមន្ទីរពេទ្យ ដោយមានប្រើបំពង់អុកស៊ីហ្សែន ។
លោក Abu Safiya និយាយថា បន្ទប់សង្រ្គោះបន្ទាន់មួយនេះ ដំបូងឡើយកសាងសម្រាប់អ្នកជំងឺតែ ៦នាក់ទេ ប៉ុន្តែបច្ចុប្បន្នមានអ្នកជំងឺត្រូវព្យាបាល ៨នាក់ ដោយពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកបន្តថា អ្នកជំងឺទាំង ៨នាក់ដែលភាគច្រើននៃពួកគេគឺជាកុមារ ស្ថិតក្នុងហានិភ័យខ្ពស់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ បើសិនជាកងកម្លាំងអ៊ីស្រាអែល បង្ខំឲ្យពួកគេជម្លៀសចេញ ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា កាលពីថ្ងៃពុធម្សិលមិញ យោធាអ៊ីស្រាអែលបានទុកពេល ២៤ម៉ោងដល់អ្នកជំងឺ និងគ្រូពេទ្យ ដើម្បីចាកចេញពីមន្ទីរពេទ្យ Al-Awda និងមន្ទីរពេទ្យ Kamal Adwan បើពុំដូច្នេះទេ ពួកគេនឹងប្រឈមនឹងការវាយប្រហារ ដូចពេលកើតឡើងកាលគ្រាដំបូងក្នុងសង្រ្គាមអញ្ចឹងដែរ នៅមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា ។
អ៊ីស្រាអែល ដែលពុំទាន់បានធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការបញ្ជាឲ្យជម្លៀសខ្លួនសម្រាប់ទីតាំងវេជ្ជសាស្រ្តនោះ បាននិយាយថា ក្រុមហាម៉ាស់ មានទីបញ្ជាការលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ គឺជាអំណះអំណាងមួយដែលក្រុមជីវពលប៉ាឡេស្ទីនមួយនេះ បានធ្វើការច្រានចោលទាំងស្រុង ៕