ដោយសារតែកំហុសបច្ចេកទេសពីការផ្ដល់ទិន្នន័យ ប្រជាជនអង់គ្លេសបាននាំគ្នាស្រឡាំងកាំងជាមួយនឹងដំណឹងដ៏គួរឲ្យព្រួយបារម្ភ នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ ដោយអេប BBC Weather (អេបប្រាប់ពីអាកាសធាតុរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ព្យាករថា ខ្យល់បក់មានកម្លាំងខ្លាំងជាងព្យុះសង្ឃរា Milton ដល់ទៅ ១៥០ដង។
ដោយបណ្តាញព័ត៌មានទូរទស្សន៍បង្ហាញពីព្យុះសង្ឃរា Milton វាយលុកចូលរដ្ឋ Florida របស់សហរដ្ឋអាមេរិក ការព្យាករណ៍ល្បឿនខ្យល់ដែលមិនធ្លាប់មានពីមុនមក នៅលើអេប BBC Weather បាននាំឲ្យមនុស្សម្នាជាច្រើនងាកទៅរកបណ្ដាញសង្គម ដើម្បីទទួលបានការពន្យល់។
តាមរយៈការបង្ហោះនៅក្រោមឈ្មោះ Larky McRory ក្បែររូបថតស្គ្រីនសតរបស់អេបដែលបង្ហាញពីល្បឿនខ្យល់ ១៨.៩៩៥ម៉ាយល៍ ក្នុង ១ម៉ោង (ប្រមាណជា ៣០.៥៦៩គីឡូម៉ែត្រ ក្នុង ១ម៉ោង) អ្នកប្រើប្រាស់បណ្ដាញសង្គម X ម្នាក់ បានសរសេរថា៖ «ទៅផ្ទះវិញទៅ អេប BBC Weather។ អ្នកស្រវឹងហើយ។ វាមានល្បឿនប្រហែល ៣៧ម៉ាយល៍ ក្នុង ១ម៉ោង»។
គួរបញ្ជាក់ថា ព្យុះសង្ឃរា Milton ត្រូវបានចុះបញ្ជីជាព្យុះសង្ឃរាប្រភេទទី៣ ក្នុងរដ្ឋ Florida ដោយមានកម្លាំងខ្យល់អតិបរមា ១២០ម៉ាយល៍ ក្នុង ១ម៉ោង។
យ៉ាងណាក្ដី អេប BBC Weather បានព្យាយាមធានាដល់សាធារណជនថា តាមពិត ពួកគេមិនចាំបាច់ត្រៀមខ្លួនសម្រាប់ខ្យល់ព្យុះសង្ឃរានោះទេ ដោយការបង្ហោះនៅលើបណ្ដាញសង្គម X បានឲ្យដឹងថា អាកាសធាតុទំនងជាដូចនៅថ្ងៃរដូវស្លឹកឈើជ្រុះធម្មតា ដែលមានខ្យល់ត្រជាក់ និងភ្លៀងធ្លាក់ឆាប់រាំង។
បដាប្រកាសព័ត៌មាន នៅលើអេប បានរៀបរាប់ថា៖ «យើងកំពុងជួបបញ្ហាជាមួយនឹងទិន្នន័យការព្យាករណ៍របស់យើង។ យើងកំពុងធ្វើការដោះស្រាយ។ អេប BBC Weather បានកត់សម្គាល់ថា សីតុណ្ហភាពមួយចំនួន ក៏កំពុងបង្ហាញខុសផងដែរ ហើយយើងសុំអភ័យទោស ចំពោះកំហុសឆ្គងនេះ»៕