របាយការណ៍ភពផែនដីរស់នៅរបស់មូលនិធិសត្វព្រៃពិភពលោក(WWF) បានឲ្យដឹងថា ចំនួនសត្វព្រៃនៅទូទាំងសកលោក បានធ្លាក់ចុះដ៏មហន្តរាយស្ទើតែជិត ៧៥ភាគរយ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ។
ទិន្នន័យចងក្រងឡើងដោយកក្រុមអ្នកស្រាវជ្រាវនៅសមាគមសត្វវិទ្យាទីក្រុងឡុងដ៍្រ បានបង្ហាញថា ការធ្លាក់ចុះជាមធ្យមនៅទូទាំងពិភពលោកមានចំនួន ៧៣ភាគរយ ក្នុងនោះការធ្លាក់ចុះខ្លាំងបំផុតកើតមាននៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប មានចំនួន ៩៥ភាគរយ អាហ្វ្រិក ៧៦ភាគរយ និងអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ៦០ភាគរយ ។
លោកវេជ្ជបណ្ឌិត Robin Freeman គឺជាអ្នកស្រាវជ្រាវនៅសមាគមសត្វវិទ្យាទីក្រុងឡុងដ៍្រ Rainforest House បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា របាយការណ៍ភពផែនដីរស់នៅក្នុងឆ្នាំនេះ គឺជាទិន្នន័យដ៏ទូលំទូលាយបំផុតដែលពួកយើងប្រមូលបានមកទល់នឹងពេលនេះ ។
លោកបន្តថា ពួកយើងមានសត្វព្រៃជិត ៣៥.០០០ក្បាលនៃពពួកសត្វព្រៃ ៥.៤០០ប្រភេទ ហើយតាមរយៈការប្រើប្រាស់ទិន្នន័យនេះ ពួកយើងប៉ាន់ប្រមាណថា ចំនួនសត្វព្រៃ បានធ្លាក់ចុះជាមធ្យមប្រហែល ៧៣ភាគរយ ចាប់តាំងពីឆ្នាំ ១៩៧០ ។
លោកថា នេះមានន័យថា អំឡុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ពួកយើងបានមើលឃើញការធ្លាក់ចុះចំនួនសត្វព្រៃ ៧៣ភាគរយ នៅទូទាំងពិភពលោក ៕