ពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បុគ្គលិកដោះមីន ដែលបម្រើការងារនៅអង្គការ Halo Trust ចំនួន ២៩នាក់ ក្នុងនោះ មាន វិជ្ជមាន កូវីដ -១៩ ចំនួន ២៤ នាក់ និងកំពុងជាប់ធ្វើចត្តាឡីស័ក ចំនួន ០៥ នាក់ នៅស្រុក ភ្នំ ក្រវាញ ខេត្តពោធិ៍សាត់។ ពិធី នេះ មានការអញ្ជើញចូលរួមពី លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរ មីន លោក ហេង សុភាណា អភិបាល ស្រុក ភ្នំក្រវាញ លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា និងកងកម្លាំង ប្រដាប់អាវុធស្រុក។
គ្រឿងឧបភោគ បរិភោគដែល ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្ដេច តេជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត រួមមាន៖ អង្ករ, ទឹកបរិសុទ្ធ, ភេសជ្ជៈ , ទឹកស៊ីអ៉ីវ, មី, ត្រីខកំប៉ុង, ម៉ាស់ និងអាកុល ព្រមទាំង ថវិកាឧបត្ថម្ភបុគ្គលិកអង្គការ Halo Trust ក្នុងម្នាក់២០ម៉ឺនរៀល ផងដែរ។
ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បាន ពាំនាំ សេចក្ដី នឹករលឹកនិងសាកសួរសុខទុក្ខពីសម្តេចតេជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ជូនចំពោះ បងប្អូន អ្នក ដោះ មីន ទាំងអស់ ព្រម ទាំង បាន បញ្ជាក់ បន្ថែម ថា «សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ១៩ទៀតផង តាមរយៈការ ខិតខំ ស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ»។
ជួសមុខឱ្យបុគ្គលិកដោះមីនកម្ពុជាទាំងអស់ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់អាណិតអាសូរ និងគិតគួរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បុគ្គលិកដោះមីនទាំងអស់ រាល់ទុក្ខលំបាក និងគ្រប់ពេលវេលាជាពិសេសថ្មី ៗនេះ បងប្អូន អ្នក ដោះ មីន ទាំងអស់បានទទួលនូវវ៉ាក់សាំងបង្ការកូវីដ -១៩ គ្រប់ៗគ្នា។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស ជូនជាតិមាតុភូមិរួចហើយ អញ្ចឹងបងប្អូនអ្នកដោះមីន ដែលជាក្មេងជំនាន់ក្រោយពិតជាមានភារកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយសម្តេចតេជោ ដល់កិច្ចគាំពារសន្តិភាព សម្រាប់ ជន រួមជាតិ ព្រមទាំងចូលរួមប្រែក្លាយទឹកដីអតីតសមរភូមិ និងមានការគំរាមកំហែងខ្ពស់ដោយសារមីន ទៅជាដីដែលមានសុវត្ថិភាព និងការអភិវឌ្ឍ»។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា នៅតែបន្តទៅមុខជានិច្ចទោះបី មានការរីករាលជំងឺកូវីដ១៩ ក៏ដោយព្រមទាំងបានណែនាំឱ្យបុគ្គលិកអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា អង្គការ HALO Trust បានបម្រើការងារសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ ហើយបច្ចុប្បន្ននេះ មានបុគ្គលិកចំនួន ១,២១៥ នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ៣នាក់ ប្រតិបត្តការបោសសម្អាតមីន នៅក្នុងខេត្តចំនួន៧ រួមមានខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ អង្គការ HALO Trust បានរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ៤០៨ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចមីនប្រឆាំងមនុស្សបានចំនួន ៣០០,៥២១ គ្រាប់មីនប្រឆាំងរថក្រោះ ៤,៩៣៩ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ២០៩,៤៦៨ គ្រាប់ព្រមទាំងមានអ្នកទទួលផលប្រមាណ ១ លាននាក់៕





