នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវដំឡើងកម្រិតនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ សម្តេចធិបតីក៏បានលើកឡើងផងដែរពីក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។

ក្នុងន័យនេះសម្តេចធិបតី បានចែករំលែកថា កម្ពុជាកំពុងធ្វើការដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ដូច្នេះកម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិនស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការកសិកម្ម កាលពីឆ្នាំមុន និងបានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន ស្តីពីការលើកកម្ពស់ការអភិវឌ្ឍកសិកម្មឆ្លាតវៃនៅឆ្នាំនេះ។

សម្តេចធិបតី ក៏បានលើកឡើងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញរបៀបវារៈបៃតង។ ក្នុងន័យនេះកម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។

សម្តេចធិបតី បានអះអាងជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរួមអាស៊ាន និងចិន ដើម្បីពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ហើយបានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការបង្កើតកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ចិន៕
ឌឌ
