ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ តុលា) ថា ការផ្អាកប្រយុទ្ធមនុស្សធម៌ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានយល់ព្រមដើម្បីអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទី២ ដែលផ្តោតលើកុមារអាយុក្រោម ១០ឆ្នាំ ចំនួន ៥៩០.០០០នាក់ ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៤ ខែតុលា សប្ដាហ៍ក្រោយនេះ។

លោកស្រី ខាធើរីន រូសស៊ែល (Catherine Russell) នាយកប្រតិបត្តិអង្គការយូនីសេហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ការផ្អាកប្រយុទ្ធមនុស្សធម៌ក្នុង “តំបន់ជាក់លាក់” ត្រូវបានយល់ព្រម ហើយសង្ឃឹមថាគ្រប់ភាគីនឹងគោរពលើការព្រមព្រៀនេះដើម្បីចាក់វ៉ាក់សាំងស្វិតដៃជើងដល់កុមារ។

អង្គការសហប្រជាជាតិបាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងលើកទី១ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកញ្ញា បានឈានដល់គោលដៅរបស់ខ្លួន ៩០% នៃកុមារអាយុក្រោម ១០ឆ្នាំ។ យុទ្ធនាការនោះត្រូវបានអនុវត្តជាដំណាក់កាលជាងពីរសប្តាហ៍ក្នុងអំឡុងពេលផ្អាកប្រយុទ្ធមនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីខែសីហាថា ទារកម្នាក់ត្រូវបានខ្វិនដោយផ្នែកដោយវីរុសស្វិតដៃជើងប្រភេទទី២ ដែលជាករណីបែបនេះជាលើកដំបូងនៅទឹកដីហ៊ុមព័ទ្ធនោះក្នុងរយៈពេល ២៥ឆ្នាំ៕