បុគ្គលិកដឹកជញ្ជូន និងអ្នកគាំទ្ររបស់ពួកគេ បានប៉ះទង្គិចជាមួយមន្ត្រីនគរបាលជាតិប៉េរូ នៅខាងក្រៅអគារសភានៅទីក្រុងលីម៉ាភាគកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ខណៈពួកគេធ្វើកូដកម្មដើម្បីទាមទារឱ្យមានចំណាត់ការបន្ថែមទៀតប្រឆាំងការកើនឡើងឧក្រិដ្ឋកម្ម និងការជំរិតទារប្រាក់។

នេះជាកូដកម្មផ្នែកដឹកជញ្ជូនលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍មកនេះ ហើយលើកនេះ សហជីពនៅទូទាំងប្រទេស បានអំពាវនាវឲ្យធ្វើកូដកម្មរយៈពេល ៧២ ម៉ោង។
បាតុករយ៉ាងហោចណាស់ ៣០០នាក់ រួមមានអ្នកបើកបរ និងអ្នកគាំទ្រការធ្វើកូដកម្ម បានទៅដល់ជិតអគារសភា ដើម្បីទាមទារឱ្យលុបចោលច្បាប់ប្រឆាំងឧក្រិដ្ឋកម្មកាលពីពេលថ្មីៗនេះ ដែលពួកគេចាត់ទុកថា គាំទ្រដល់ឧក្រិដ្ឋជន។

នគរបាលបានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ដែលបានគប់ដបទឹកនិងដំបង ទៅលើក្រុមមន្ត្រី។ នគរបាលបានរាយការណ៍ថាមនុស្ស១៣នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៃការតវ៉ានេះ សម្រាប់ការបិទផ្លូវមួយចំនួនក្នុងទីក្រុង Lima ការដុតសំបកកង់កៅស៊ូ ឬវាយយានយន្តដែលកំពុងធ្វើដំណើរ។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា នគរបាលនិងយោធាប្រមាណ ១០.០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខ ក្នុងអំឡុងពេលធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ត។
កាលពីចុងខែកញ្ញា រដ្ឋាភិបាលបានប្រកាសគ្រាអាសន្ននៅក្នុងស្រុកចំនួន១៤ ជុំវិញទីក្រុង Lima ដើម្បីអនុញ្ញាតឱ្យយោធាជួយដល់នគរបាលប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម បន្ទាប់ពីក្រុមអ្នកធ្វើអាជីវកម្ម បាននិយាយថារដ្ឋកំពុង «ចាញ់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក»។