ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅតាមបណ្ដាខេត្តនាថ្ងៃឈប់សំរាកបុណ្យភ្ជុំនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបង្ហាញពីក្ដីបារម្មណ៍ចំពោះការរីករាលដាលនៃជំងឺកូវីដ.១៩ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងពេលឈប់សំរាក ដែលប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ឬតាមបណ្ដាខេត្តនានា ដែលទាមទារឱ្យអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រកចេញចូលរាជធានីភ្នំពេញ។ ការបង្ហាញក្ដីបារម្មណ៍ និងដាក់ចេញជាវិធានការណ៍ទប់ស្កាត់នេះ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធវិដេអូបន្តផ្ទាល់ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩សំរាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ លេខ០៧ ស.រ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម ហើយអាជ្ញាធរក៏មានការនឿយហត់ តែជាពលីកម្មដ៏មានតំលៃដើម្បីសុខមាលភាពប្រជាពលរដ្ឋយើង។
ឯកឧត្ដម ឃួង ស្រេង បានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមចំណតរថយន្តឈ្នួល តាមច្រកចេញចូលរាជធានីភ្នំពេញ ឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣កុំ ៣ការពារ ពិសេសនៅពេលប្រជាពលរដ្ឋវិលត្រឡប់ពីស្រុកកំណើតវិញ ជាមួយគ្នានេះអាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ.១៩ចូលក្នុងរោងចក្រ សហគ្រាស ក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរធម្មការ និងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩ និងញែកកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត បៀហ្គាដិន ខេធីវី និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងទទួលទានគ្រឿងស្រវឹងណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា