រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា កងកម្លាំងអ៊ីស្រាអែល បានធ្វើសកម្មភាពខុសច្បាប់ដោយការបាញ់ផ្លោងទៅលើទីតាំងប្រើប្រាស់ដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ ដោយបានរិះគន់ការបាញ់ប្រហារនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម។

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា UNIFIL បានដាក់ទីតាំងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីត្រួតពិនិត្យអរិភាពនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយអ៊ីស្រាអែល ជាតំបន់មួយដែលបានឃើញការប៉ះទង្គិចគ្នាធ្ងន់ធ្ងររវាងកងទ័ពអ៊ីស្រាអែល និងក្រុមអ្នកប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និយាយថា កងរក្សាសន្តិភាពរបស់ខ្លួនពីរនាក់បានរងរបួស នៅពេលដែលទាហានអ៊ីស្រាអែល បានបាញ់ទៅលើទីតាំងរបស់ខ្លួនកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ លោក Crosetto បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា «វាអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម និងបង្ហាញពីការរំលោភច្បាប់យោធាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
លោក Crosetto និយាយថា មិនដូចបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួននោះទេ អ៊ីតាលី បានគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលក្នុងសង្រ្គាមរបស់ប្រទេសនេះប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីបនិងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
អ៊ីតាលី បានផ្តល់កងទ័ពមួយចំនួនធំដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UNIFIL) ហើយទោះបីជាគ្មានទាហានណាម្នាក់រងរបួសក្នុងសប្តាហ៍នេះក៏ដោយ លោក Crosetto បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែល ពុំអាចទទួលយកបានទេ។ លោក និយាយថា លោកបានទាក់ទងសមភាគីអ៊ីស្រាអែលរបស់លោកដើម្បីតវ៉ា ហើយក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអ៊ីតាលី ដើម្បីទាមទារការពន្យល់។ ប៉ុន្តែពុំមានការអត្ថាធិប្បាយភ្លាមៗពីខាងយោធាអ៊ីស្រាអែលនៅឡើយទេ។