ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ (០៩ តុលា) ថា ក្រុមបុរសប្រដាប់អាវុធបានបើកការវាយប្រហារថ្មីៗទៅលើតំបន់ទីប្រជុំជន អាកាហេ (Arcahaie) នៅប្រទេសហៃទី ខណៈអ្នកស្រុកនៅមិនទាន់បាត់តក់ស្លុតជុំវិញហេតុការណ៍សម្លាប់រង្គាលលើមនុស្សជាង ១០០នាក់ នៅក្នុងទីក្រុងកសិកម្មចម្ងាយប្រហែល ៦០គីឡូម៉ែត្រប៉ុណ្ណោះ នៅភាគខាងជើង។

អ្នកស្រុក Arcahaie ដែលត្រូវបានគេស្គាល់ថាជាស្រុកកំណើតនៃទង់ជាតិហៃទី បានកំពុងអំពាវនាវឱ្យមានការពង្រឹងសន្តិសុខ ដើម្បីប្រឈមមុខនឹងការវាយប្រហារដោយសមាជិកក្រុមជនអន្ធពាល កាណាអាន (Canaan)។

កាលពីសប្តាហ៍មុន សមាជិកនៃក្រុមក្មេងទំនើង ហ្គ្រង់ ហ្រ្គីហ្វ (Gran Grif) នៅក្នុងតំបន់កសិកម្មរបស់ហៃទី បានវាយប្រហារទីក្រុង ប៉ុងសុងដឺ (Pont-Sonde) ពេញមួយយប់។ អភិបាលក្រុងក្នុងតំបន់នោះបានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ១១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ អំឡុងពេលដែលក្រុមប្រដាប់អាវុធបានសម្រុកបាញ់រះលើអ្នកស្រុកដល់ក្នុងលំនៅឋាន។

ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះកំពុងប្រយុទ្ធនឹងជម្លោះក្រុមជនអន្ធពាលកាន់តែអាក្រក់ឡើង ដែលកំពុងបង្កជាកង្វះខាតស្បៀងអាហារ និងថ្នាំពេទ្យកាន់តែធ្ងន់ធ្ងរ។ មនុស្សជាង ៧០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយជាង ៥លាននាក់កំពុងស្រេកឃ្លាន ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ហៃទី៕