នាយករងអង្គការ OCHA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយបុគ្គលិកមនុស្សធម៌យ៉ាងហោចណាស់៣០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ តំបន់ហ្កាហ្សាគឺជា «កន្លែងគ្រោះថ្នាក់បំផុត» ដែលអង្គការសហប្រជាជាតិធ្វើប្រតិបត្តិការ។ លោក Ramesh Rajasingham ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា «លក្ខខណ្ឌចាំបាច់សម្រាប់ប្រតិបត្តិការផ្តល់ជំនួយដោយប្រសិទ្ធភាព គឺខ្វះខាតយ៉ាងខ្លាំង ឬគ្មានទាំងស្រុង»។

លោក និយាយថា អង្គការ OCHA និងក្រុមអង្គការសុខភាពពិភពលោក ពុំអាចចូលទៅដល់មន្ទីរពេទ្យ Kamal Adwan បានទេ កាលពីថ្ងៃពុធ ទី៩ ខែតុលា ទោះបីជាបានទទួលភ្លើងខៀវពីយោធាអ៊ីស្រាអែល ក៏ដោយ។

លោក Rajasingham បាននិយាយទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិថា «ក្រុមនេះ ត្រូវបានបង្ខំឱ្យរង់ចាំនៅចំណុចមួយអស់រយៈពេលជាច្រើនម៉ោង ហើយនៅទីបំផុត បេសកកម្ម ត្រូវបានលុបចោល។
និយាយនៅក្នុងកិច្ចប្រជុំ នាយកអន្តរាគមន៍ផ្នែកសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក Altaf Musani បាននិយាយថា ទីភ្នាក់ងាររបស់លោក បានរាយការណ៍ពីការវាយប្រហារចំនួន៥១៦លើកទៅលើអគារសុខាភិបាល ចាប់តាំងពីខែតុលាឆ្នាំមុន ដោយធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែចុះខ្សោយខណៈផុយស្រួយរួចទៅហើយ នៅតំបន់ហ្កាហ្សា។

លោក Musani បានព្រមានអំពីផលវិបាករយៈពេលវែងសម្រាប់ប្រជាជន ដោយមានមនុស្សចំនួន ៤៨៥.០០០នាក់ត្រូវបានពិនិត្យរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្ត ខណៈកុមារ២០.០០០នាក់ បានស្វែងរកការព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភ។
យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឱ្យដឹងថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់នេះ បានសម្លាប់មនុស្សជាង ៤២.០០០នាក់ ហើយបានពង្រាបតំបន់ហ៊ុមព័ទ្ធឆ្នេរមួយនេះភាគច្រើន ឱ្យទៅជាកម្ទេចកម្ទីថ្ម។