នគរបាលបាននិយាយថា យ៉ាងហោចណាស់កម្មករអណ្តូងរ៉ែ ២០នាក់បានស្លាប់ និង ៧នាក់រងរបួស នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធលើអណ្តូងរ៉ែធ្យូងថ្មឯកជនតូចមួយនៅក្នុងខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រ (១១ តុលា) នេះ។

មន្ត្រីប៉ុស្តិ៍នគរបាលប្រចាំទីក្រុង ដែលមានទីតាំងនៅភាគខាងកើតនៃទីក្រុង កេតា (Quetta) បាននិយាយថា “បុរសប្រដាប់អាវុធមួយក្រុមបានវាយប្រហារអណ្តូងរ៉ែរបស់ក្រុមហ៊ុន ជូណាដ ខូល (Junaid Coal) នៅក្នុងតំបន់ ឌូគី (Duki) ក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ”។ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។

ខេត្ត Balochistan នេះជាកន្លែងប្រមូលផ្ដុំនៃក្រុមផ្ដាច់ខ្លួនដែលចង់បានឯករាជ្យ។ ពួកគេចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ថាបានកេងប្រវ័ញ្ចប្រេង និងសារធាតុរ៉ែរបស់ខេត្ត ដោយអយុត្តិធម៌និងបំពានកម្លាំងញើសឈាមអ្នកស្រុក។

ព្រឹត្តិការណ៍នេះគឺជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងខេត្ត Balochistan ដ៏ស្ងប់ស្ងាត់ ហើយកើតឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលសន្តិសុខដ៏ធំមួយ ដែលនឹងត្រូវរៀបចំនៅក្នុងរដ្ឋធានី។ គួររម្លឹកថា កាលពីថ្ងៃចន្ទ ក្រុមមួយឈ្មោះថា កងទ័ពរំដោះ កាឡូច (Baloch) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារលើជនជាតិចិន នៅខាងក្រៅព្រលានយន្តហោះដ៏ធំបំផុតរបស់ប៉ាគីស្ថាន៕