នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញសម្រេចឱ្យបាននូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាព ធន់អាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដង ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងន័យនេះ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាននូវការ បញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។ បន្ថែមពីនេះ សម្តេចធិបតីក៏បានជំរុញឱ្យមានការពង្រឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្តល់វេទិកាសម្រាប់វិស័យឯកជនធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់តំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពល ដ៏ធំៗ នៃឧស្សាហកម្មនានាដែលកំពុងលេចឡើង ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់។

សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែង អំណរគុណដល់កាណាដា ចំពោះការគាំទ្រថវិកាចំនួន ៨,៥ លានដុល្លាកាណាដា ក្នុងរយៈពេល៥ឆ្នាំសម្រាប់វិស័យអាទិភាពនានា ក្រោមក្របខ័ណ្ឌផែនការសកម្មភាពតំបន់របស់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)៕

