ប្រភពបីដែលដឹងពីកិច្ចពិភាក្សាបាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (១០ តុលា) បានអនុម័តការបង្កើតមូលនិធិអន្តរការីហិរញ្ញវត្ថុ (FIF) ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងការរួមចំណែកដែលរំពឹងទុកពីសហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ ប្រភពចំនួនពីរក្នុងនោះបាននិយាយថា ការជំទាស់តែមួយគត់ចំពោះការបោះឆ្នោតបង្កើតមូលនិធិគឺពីប្រទេសរុស្ស៊ី។

ប្រភពបន្តថា មូលនិធិថ្មីដែលត្រូវបានគ្រប់គ្រងដោយធនាគារពិភពលោកមួយនេះ នឹងជួយបំពេញការសន្យាដោយក្រុមប្រទេសទាំងប្រាំពីរ G7 ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់បន្ថែមរហូតដល់ ៥០ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៤នេះ ខណៈទីក្រុងគីវ បន្តប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី អស់ពេលជាងពីរឆ្នាំ ។

ប្រភពបន្ថែមថា តួលេខថវិកាពិតប្រាកដដែលត្រូវបរិច្ចាគដោយសហរដ្ឋអាមេរិក ជប៉ុន និងកាណាដា នៅមិនទាន់សម្រេចបាននៅឡើយ ប៉ុន្តែនឹងត្រូវបានគាំទ្រដោយការប្រាក់ពីទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីដែលបានបង្កក។
ការបោះឆ្នោតរបស់ធនាគារពិភពលោកក្នុងការបង្កើតមូលនិធិថ្មីនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រេសិតសហភាពអឺរ៉ុបបានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែនរហូតដល់ ៣៥ពាន់លានអឺរ៉ូ (៣៨,៣ពាន់លានដុល្លារ) ជាផ្នែកមួយនៃប្រាក់កម្ចីដែលបានគ្រោងទុកពីក្រុមប្រទេស G7 ដែលក៏ត្រូវបានគាំទ្រដោយចំណូលពីទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្តាលរុស្ស៊ីផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប៕