ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកឆ្លើយតបក្នុងតំបន់បាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅកន្លែងនានាទូទាំងប្រទេសស៊ូដង់ ក្នុងសប្តាហ៍មុន ខណៈកងទ័ពបង្កើនការវាយប្រហារតាមអាកាស ជិត ១៨ខែចូលទៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

ខណៈពេលដែលកងកម្លាំង RSF គ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃប្រទេស កងទ័ពស៊ូដង់ថ្មីៗនេះបានដាក់ពង្រាយកម្លាំងអាកាសដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីដណ្ដើមទឹកដីមួយចំនួនក្នុងរដ្ឋធានីខាទុម និងដើម្បីវាយលុកតំបន់ផ្សេងទៀតដែលកាន់កាប់ដោយគូប្រជែង។

ក្រុមមេធាវីសង្គ្រោះបន្ទាន់បាននិយាយថា នៅទីក្រុង ហាសាហ៊ីសា (Hasaheisa) ក្នុងរដ្ឋ អ៊ែល ហ្កេហ្ស៊ីរ៉ា (El Gezira) ភាគខាងត្បូងនៃរដ្ឋធានីខាទុម ដែលជាទីឈរជើងរបស់កងកម្លាំង RSF មានមនុស្សជាង ១០០នាក់ស្លាប់ កាលពីថ្ងៃចន្ទសប្ដាហ៍មុន ក្នុងការវាយប្រហារតាមអាកាស។

ក្រុមនេះបន្ថែមថា នៅទីក្រុង ខូដូហ្វាន (Kordofan) ភាគខាងលិចរដ្ឋធានី ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០៥ ខែតុលា បានសម្លាប់មនុស្ស ៣០នាក់ និងជាង ១០០នាក់រងរបួស ហើយមួយថ្ងៃមុននោះ ការវាយប្រហារនៅភាគខាងជើងនៃតំបន់ដាហ្វឺ (Darfur) សម្លាប់មនុស្ស ៦១នាក់ ខណៈមនុស្សជាច្រើនបានស្លាប់នៅទីតាំងប្រយុទ្ធផ្សេងទៀត៕