បណ្តាមេដឹកនាំ និងប្រមុខរដ្ឋ មកពីបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងតំណាងមកពីប្រទេសរុស្ស៊ីបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាប្រចាំឆ្នាំ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃសុក្រ ទី១១ ខែតុលានេះ ដើម្បីពិភាក្សាអំពីប្រធានបទជាច្រើនដូចជា ស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្ម និងបរិស្ថាន។

នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមិនអាចបំបែកចេញពីស្ថាបត្យកម្មក្នុងតំបន់ដែលផ្តោតលើអាស៊ាន និងការប្រឈមមុខទៅនឹងការវិវត្តន៍ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដ៏ស្មុគស្មាញបានទេ។ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាផ្នែកមួយនៃកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកចំនួន១០ប្រទេស ហើយត្រូវបានរៀបចំឡើងដោយប្រទេសឡាវ នៅឆ្នាំនេះ។

កិច្ចប្រជុំ បានចូលរួមដោយប្រមុខរដ្ឋាភិបាល និងអ្នកការទូតជាន់ខ្ពស់មកពីដៃគូនានា រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី អូស្ត្រាលី ព្រមទាំងប្រទេសនូវែលសេឡង់ និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានចូលរួមក្នុងការជួបប្រជុំនេះផងដែរ។