ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០តុលា ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលកំពុងប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ ដោយសារកត្តានៅតំបន់លើភ្នំ គ្មានប្រភពទឹកគ្រប់គ្រាន់ ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ដោយកត្ដាស្ថានភាពភូមិសាស្ត្រ និងកំម្រិតទឹកភ្លៀង ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅលើតំបន់ភ្នំអូរស្មាច់ តែងតែជួបបញ្ហានិងប្រឈមការខ្វះទឹកស្អាតប្រើប្រាស់ ដូច្នេះហើយអាជ្ញាធរខេត្តសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ទាំងអស់ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ មិនគ្រប់គ្រាន់ ត្រូវចេះប្រើប្រាស់និងទុកដាក់ប្រភពទឹក ដោយការសន្សំសំចៃ និងត្រៀមនៅសម្ភារសម្រាប់ដាក់ទឹកដូចជា ពាង ធុង ពីដុង ទាំងអស់គ្នាផងដែរ ។
ក្នុងការចុះពិនិត្យស្ថានភាពទឹកនៅពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់នាំមន្ត្រីជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវបន្តចុះទៅពិនិត្យទីតាំងកន្លែងរៀបចំ អាងស្តុកទឹកមួយកន្លែងនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលនិងអាចស្ដុក ទឹកបានប្រហែលជាង ៨សែនម៉ែត្រគូប អាចផ្គត់ផ្គង់ ទៅដល់បងប្អូនប្រជាពលរដ្ឋបានចំនួន ២សង្កាត់ គឺសង្កាត់អូរស្មាច់ និងសង្កាត់កូនក្រៀល ដើម្បីត្រៀមផ្គត់ផ្គង់បានទាំងរដូវប្រាំង និងរដូវវស្សា កុំឲ្យមានការខ្វះខាតបន្តទៀតផងដែរ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមដល់មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវសហការគ្នាពន្លឿនៅការបិទទំនប់ និង ក្រុមហ៊ុនដាក់ទុយោទឹកអោយឆាប់រហ័ស ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់នៅពេលខាងមុខនេះ៕







