មនុស្សប្រមាណ២.០០០នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង ឈីលប៉ានស៊ីនហ្គោ(Chilpancingo) ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ដោយទាមទាររកយុត្តិធម៌សម្រាប់ការធ្វើឃាតអភិបាលក្រុង លោក អាឡិចចេនដ្រូ អាកូស កាតាឡាន(Alejandro Arcos Catalan) ។

ក្រុមអ្នកតវ៉ា បានអំពាវនាវឲ្យអាជ្ញាធរបញ្ជាក់ច្បាស់ពីឧក្រិដ្ឋកម្មនិងចាប់ខ្លួនអ្នកទាំងឡាយដែលទទួលខុសត្រូវក្នុងករណីឃាតកម្មនេះ។

សាកសពរបស់លោក Alejandro Arcos ត្រូវបានគេរកឃើញដាច់ក្បាល នៅក្នុងរថយន្តមួយគ្រឿងកាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា នៅភាគខាងកើតទីក្រុង មានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកបានចូលកាន់តំណែងជាអភិបាលក្រុង Chilpancingo ជាទីក្រុងធំបំផុតទីពីរនៅក្នុងរដ្ឋ Guerrero ។

នៅពេលចូលកាន់តំណែង អភិបាលក្រុង លោក Arcos បានប្រកាសពីយុទ្ធសាស្ត្រសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សានិងឧក្រិដ្ឋកម្ម ដែលរួមមានការជួលមន្ត្រីនគរបាលបន្ថែមទៀត និងតាមដានលើពាក្យបណ្តឹងនានា ព្រមទាំងការស៊ើបអង្កេតប្រឆាំងក្រុមឧក្រិដ្ឋជនចំនួនពីរក្រុមដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងនេះ។