ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រ (១១ តុលា) នេះថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបនៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់ខ្លួន ជាមួយនឹងការប្រគុំតន្ត្រីអបអរសាទរ និងពិធីជប់លៀង ហើយមេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបណ្តុះបណ្តាលជាថ្មីនូវកម្មករទាំងអស់ទៅជាក្រុមបដិវត្ត ដែលប្រកាន់យកលទ្ធិកុម្មុយនិស្ត។

ព្រឹត្តិការណ៍ក្នុងខួបលើកទី៧៩ កាលពីថ្ងៃព្រហស្បតិ៍នេះ មិនសូវអធិកអធមទេបើធៀបនឹងឆ្នាំមួយចំនួនកាលពីមុន នៅពេលដែលកូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាដ៏ធំ បង្អួតសព្វាវុធចុងក្រោយបង្អស់របស់ខ្លួន និងជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិន។

លោក Kim បានលើកសរសើរគណបក្សពលករកូរ៉េ (WPK) ថាជាគណបក្សកាន់អំណាចយូរជាងគេលើពិភពលោក ដែលបានយកឈ្នះលើការលំបាកដែលមិនធ្លាប់មានពីមុនមក ហើយលះបង់កម្លាំងទាំងអស់របស់ខ្លួនក្នុងការកសាងប្រទេសដ៏មានឥទ្ធិពលមួយ ដែលរារាំងការគំរាមកំហែងពីកងកម្លាំងខាងក្រៅ។

រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា លោក គីម ទៅកាន់ពិធីជប់លៀងជាមួយកូនស្រីរបស់លោកក្នុងរថយន្តលីមូស៊ីន អ៊ូរឺស (Aurus) ដ៏ទំនើបផលិតដោយរុស្ស៊ី ដែលទំនងជារថយន្តមួយដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជូនជាអំណោយដល់លោក គីម។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមិនបាននិយាយអំពីការចូលរួមរបស់មន្រ្តីចិនទេ៕