ប្រភពពីមន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក នៅតែជឿជាក់ថា អ៊ីរ៉ង់មិនបានសម្រេចចិត្តបង្កើតអាវុធនុយក្លេអ៊ែរនៅឡើយទេ បើទោះបីជាមានការបរាជ័យជាយុទ្ធសាស្ត្រនាពេលថ្មីៗនេះរបស់ទីក្រុងតេអេរ៉ង់ រួមទាំងការសម្លាប់មេដឹកនាំក្រុមហេសបូឡារបស់អ៊ីស្រាអែល និងការប៉ុនប៉ងមិនជោគជ័យចំនួនពីរលើកក្នុងការវាយប្រហារលើអ៊ីស្រាអែលក៏ដោយ។

ការលើកឡើងរបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក និងអ្នកនាំពាក្យរបស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) បានបន្ថែមពីលើការនិយាយជាសាធារណៈកាលពីដើមសប្តាហ៍នេះដោយនាយកទីភ្នាក់ងារចារកម្ម CIA លោក William Burns ដែលថា អាមេរិក មិនបានមើលឃើញភស្តុតាងនៃការវាយតម្លៃណាមួយដែលមេដឹកនាំអ៊ីរ៉ង់ បានផ្លាស់ប្ដូរការសម្រេចចិត្តឆ្នាំ២០០៣ ក្នុងការផ្អាកកម្មវិធីបង្កើយអាវុធនុយក្លេអ៊ែរទេ។

ការវាយតម្លៃចារកម្មនោះអាចជួយពន្យល់ពីការជំទាស់របស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារណាមួយរបស់អ៊ីស្រាអែល លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការវាយប្រហារមីស៊ីលបាលិស្ទិកដែលទីក្រុងតេអេរ៉ង់ បានធ្វើកាលពីសប្តាហ៍មុន។

លោកប្រធានាធិបតី Joe Biden បាននិយាយបន្ទាប់ពីការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់នោះថា លោកនឹងមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ប៉ុន្តែមិនបានពន្យល់ពីមូលហេតុដែលនាំឱ្យលោកលើកឡើងបែបនេះឡើយ៕