កងពលតូច Al-Qassam ដែលជាកងកម្លាំងយោធានៃក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យុទ្ធជនរបស់ខ្លួន បានសម្លាប់ និងធ្វើឲ្យទាហានអ៊ីស្រាអែលជាច្រើននាក់ រងរបួសនៅក្នុង «ការវាយឆ្មក់» នៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប។

កងពលតូច Al-Qassam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យុទ្ធជនរបស់យើង បានវាយឆ្មក់លើកងពលទាហានថ្មើរជើងអ៊ីស្រាអែល នៅភាគខាងកើតនៃជំរំ Jabalia» ដែលមានរថយន្តចំនួន ១២គ្រឿង និងរថយន្តដែលដឹកទាហាន។
កងពលតូចនេះ បានបញ្ជាក់ថា៖«យើងបានបំផ្ទុះគ្រឿងផ្ទុះនៅក្នុងរថយន្តអ៊ីស្រាអែល មុនពេលយុទ្ធជន របស់យើង បានសម្លាប់ទាហានមួយចំនួន ដែលនៅកៀកគ្នានោះ»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ក្រុមយុទ្ធជនហាម៉ាស បានកំណត់គោលដៅលើទាហានដែលបានភៀសខ្លួនចេញពីកន្លែងស្ទាក់វាយឆ្មក់ឆ្ពោះទៅផ្ទះមួយ ជាមួយគ្រាប់បែកប្រឆាំងមនុស្ស ដោយបានសម្លាប់ និងធ្វើឲ្យពួកគេ រងរបួស។
ភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានរងការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃអាទិត្យ ដែលស្របពេលជាមួយនឹងការប្រកាសរបស់កងទ័ពអ៊ីស្រាអែលអំពីប្រតិបត្តិការជើងគោកនៅជំរំ Jabalia ភាគខាងជើងហ្កាហ្សា ដោយកំណត់គោលដៅទៅលើក្រុមហាម៉ាស។