មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវដល់មន្ត្រីឲ្យប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលុបបំបាត់ការរំលោភបំពានអំណាច នៅក្នុងសារមួយដែលត្រូវបានគេមើលឃើញថា មានគោលបំណងរឹតបន្តឹងការគ្រប់គ្រងវិន័យសង្គម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង។

សារព័ត៌មាន Rodong Sinmun ដែលជាកាសែតសំខាន់របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា សេចក្តីថ្លែងការណ៍របស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃការបង្កើតគណបក្សកម្មករដែលកំពុងគ្រប់គ្រងអំណាចនេះ។

ការប្រារព្ធខួបគណបក្សនេះ បានធ្វើឡើង នៅពេលដែលប្រទេសកូរ៉េខាងជើង កំពុងប្រឹងប្រែងដើម្បីស្តារឡើងវិញពីការខូចខាតពីទឹកជំនន់កាលពីខែកក្កដា នៅក្នុងតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន និងទប់ទល់នឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពីការដាក់ទណ្ឌកម្មអន្តរជាតិលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
លោក គីម ជុងអ៊ុន បាននិយាយថា មន្ត្រីគណបក្សមួយចំនួនមាន «ការខុសឆ្គងដ៏ធ្ងន់ធ្ងរ» ដោយការអនុវត្តមាគ៌ាគោលនយោបាយរបស់គណបក្សនេះ នៅក្នុងផ្លូវខុស។