រដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ (១១ តុលា) បាននឹងកំពុងគណនាការខូចខាតដ៏ធ្ងន់ធ្ងរ បោសម្អាតកម្ទេចកម្ទី និងជួសជុលខ្សែបណ្តាញអគ្គិសនី បន្ទាប់ពីព្យុះសង្ឃរា មីលតុន (Milton) បានបានវាយប្រហារបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ ស្របពេលដែលព្យុះនយោបាយមួយទៀតបានកើតឡើងពីភាគីនយោបាយធំៗរបស់អាមេរិក។

ខណៈដែលព្យុះ Milton មិនបានបង្កឱ្យមានការកើនឡើងដ៏គ្រោះមហន្តរាយនៃកម្រិតទឹកសមុទ្រដូចដែលគេភ័យខ្លាចនោះ សម្រាប់រដ្ឋ Florida ដែលទើបតែរងគ្រោះដោយព្យុះសង្ឃរា ហេលេន (Helene) ប្រហែល ២សប្តាហ៍មុនរួចមកហើយ ប្រតិបត្តិការសម្អាតអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែសម្រាប់អ្នកស្រុកមួយចំនួន។

ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ព្យុះសង្ឃរាអាត្លង់ទិកទី៥ ដែលខ្លាំងបំផុតក្នុងកំណត់ត្រា Milton អាចបង្កការខូចខាតដល់ក្រុមហ៊ុនធានារ៉ាប់រងរហូតដល់ ១០០ពាន់លានដុល្លារ។ សេតវិមាន បានសន្យាគាំទ្ររដ្ឋាភិបាល ខណៈទំហំពេញលេញនៃការខូចខាតកំពុងត្រូវបានអង្កេតនៅឡើយ។

ជាមួយគ្នានេះព្យុះនយោបាយរវាងសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យលើការដោះស្រាយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះព្យុះ ធ្វើឱ្យដំណើរការសម្អាត និងកសាងឡើងវិញកាន់តែយឺតយ៉ាវ ជាមួយនឹងអ្នកស្រុកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងពីព្យុះ Helene រួមទាំង Milton បានត្អូញត្អែរ និងខកចិត្តជាមួយរដ្ឋាភិបាលយ៉ាងខ្លាំង៕