អ្នកនាំពាក្យកងទ័ពយេម៉ែន បានប្រកាសថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស នៅកំពង់ផែ Hodeidah និងការរំលោភលើការហាមឃាត់របស់ក្រុមហ៊ុនសមុទ្រសម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រអ៊ីស្រាអែល បានកំណត់គោលដៅលើនាវាដឹកទំនិញមួយគ្រឿង របស់សហរដ្ឋអាមេរិក និងនាវាបរទេសមួយគ្រឿងផ្សេងទៀត។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេម៉ែន លោកឧត្តមសេនីយ៍ត្រី យ៉ាយ៉ា សារី (Yahya Saree) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា កងទ័ពយេម៉ែន បានធ្វើប្រតិបត្តិការយោធាចំនួនពីរលើក «ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងលីបង់ ដែលត្រូវបានកៀបសង្កត់ និងក្នុងសាមគ្គីភាពជាមួយនឹងការតស៊ូ» ក៏ដូចជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើប្រទេសយេម៉ែន។

នៅក្នុងប្រតិបត្តិការដំបូងរបស់ខ្លួន កងទ័ពយេម៉ែនបានកំណត់គោលដៅលើនាវាដឹកប្រេងរបស់អាមេរិក OLYMPIC SPIRIT នៅក្នុងសមុទ្រក្រហម ជាមួយនឹងមីស៊ីលបាលីស្ទីកចំនួន ១១គ្រាប់ និងយានដ្រូន ចំនួន ២គ្រឿង។
នៅក្នុងប្រតិបត្តិការលើកទី២ នាវារបស់ក្រុមហ៊ុន ST. JOHN ត្រូវបានគេកំណត់គោលដៅដោយមីស៊ីលប្រឆាំងនាវា នៅក្នុងមហាសមុទ្រឥណ្ឌា ដោយសារការបំពានលើការហាមឃាត់មិនឲ្យចូលកំពង់ផែ ក្នុងដែនដីប៉ាឡេស្ទីន ដោយក្រុមហ៊ុនមេរបស់ខ្លួននោះ។