ភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំដោយស្នើសុំដល់ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួមសហការក្នុងការរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមទុតិយភូមិ សម័យប្រឡង ២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ដោយរាប់បញ្ចូលទាំងចុះបិទកន្លែងថតចម្លងជុំវិញសាលាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២០។
ជុំវិញការរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ខែធ្នូឆ្នាំ២០២០ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំដោយស្នើសុំដល់ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួមអនុវត្តកិច្ចការ ដើម្បីឱ្យការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តិទៅដោយប្រក្រតីភាព មានសណ្ដាប់ធ្នាប់ ជាពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានជូនបេក្ខជនប្រឡង និងអាណាព្យាបាល។ ក្នុងសេចក្ដីណែនាំនេះ គឺតម្រូវឱ្យមានការចូលរួមពី អាជ្ញាធរមានសមត្ថកិច្ច ទាំងដំណាក់កាលមុនដំណើរការសំណេរ ដំណាក់ការសំណេរ និងក្រោយដំណើរការសំណេរ។
សម្រាប់សេចក្ដីណែនាំនេះ មានចំណុចមួយបញ្ជាក់ឱ្យអាជ្ញាធរទប់ស្កាត់ការថតចម្លងឯកសារផ្សេងៗ ពាក់ព័ន្ធការប្រឡងតាមគ្រប់រូបភាព និងបាតុភាពមិនប្រក្រតីនានា ដោយត្រូវផ្អាកជាបណ្ដោះអាសន្នការធ្វើអាជីវកម្មថតចម្លង អាជីវកម្មអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅបរិវេណមណ្ឌលប្រឡង និងត្រូវទប់ស្កាត់ការលក់វិញ្ញាសាប្រឡង រឺឯកសារពាក់ព័ន្ធផងដែរ។ សម្រាប់ការបិទអាជីវកម្មថតចម្លងនេះ ក៏ដូចជាកន្លែងលក់ឯកសារនានានៅជុំវិញ បរិវេណមណ្ឌលប្រឡង គឺកំណត់ចាប់ពីព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០។
សម្រាប់ការប្រឡងខាងមុខនេះ ក្រសួងអប់រំក៏ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចចូលរួម រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកហិបវិញ្ញាសា និងហិបកិច្ចការរបស់បេក្ខជននៅតាមសាលាគ្រប់រាជធានី ខេត្ត ការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់តាមមណ្ឌលប្រឡងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជួយសម្របសម្រួល និងចាត់តាំងមន្ត្រីសុខាភិបាល និង ស.ស.យ.ក ឱ្យសហការជាមួយគណៈមេប្រយោគប្រឡងពាក់ព័ន្ធការស្នាក់នៅ និងបញ្ហាសុខភាពរបស់បេក្ខជន និងគណៈមេប្រយោគ និងត្រូវសម្របសម្រួលជាមួយសណ្ឋាគារ ក៏ដូចជាផ្ទះសំណាក់មិនត្រូវដំឡើងថ្លៃ ក្នុងកំឡុងពេលប្រឡង និងត្រូវជួយសម្រួលសម្រាប់ការផ្ញើរយានជំនិះរបស់បេក្ខជនប្រឡងប្រកបដោយសុវត្ថិភាព។ ក្រសួងអប់រំក៏ស្នើសុំឱ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួមលើការងារជាច្រើនផ្សេងទៀតផងដែរ។
សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងបរិបទជំងឺកូវីដ–១៩ នេះ ក្រសួងអប់រំនឹងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានជូនបេក្ខជនប្រឡង និងអាណាព្យាបាល៕
អត្ថបទ៖ គឹមហុក
