ស៊ីហ្គេម៖ បន្ទាប់ពីសំណង់ប្រវត្តិសាស្ដ្រវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ បានសាងសង់រួចរាល់កាលពីពាក់កណ្ដាលខែសីហា បច្ចុប្បន្នក្រុមការងារសាងសង់កំពុងធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចុងក្រោយ ដែលជាកន្លែងដ៏សំខាន់គឺការដំឡើងកន្លែងដុតភ្លើងគប់ដែលត្រូវរៀបចំឲ្យហើយនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តម វ៉ាត់ ចំរើន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ថា កន្លែងដុតភ្លើងគប់ត្រូវរៀបចំក្រោយគេព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ត្រៀមដុតភ្លើងគប់ប្រារព្ធពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា យ៉ាងណាមិញកន្លែងដុតភ្លើងគប់នេះនឹងត្រូវដំឡើងឲ្យបានរួចរាល់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ព្រោះវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងខែវិច្ឆិកា។ ដូច្នេះបន្ទាប់ពីដំឡើងកន្លែងដុតភ្លើងគប់រួចនឹងត្រូវរៀបចំពិធីសម្ពោធពេញលេញទាំងអស់តែម្ដង។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ថែមថា ការរៀបចំប្រព័ន្ធភ្លើងគប់គឺដើម្បីបំពេញលក្ខណៈនៃដំណើរការរៀបចំពិធីបើក-បិទស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយគោរពតាមលំនាំត្រឹមត្រូវ ជាក់ស្ដែងដូចនៅពហុកីឡដ្ឋានជាតិអូឡាំពិកក៏មានការរៀបចំនូវកន្លែងដុតភ្លើងគប់នេះដែរ ដើម្បីធ្វើឲ្យគ្រប់លក្ខខណ្ឌដើម្បីរៀបចំនូវពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ គួរដឹងថា បន្ទាប់ពីរៀបចំនូវពិធីប្រគល់-ទទួលកាលពីថ្មីៗ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា