មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើង ១៦៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាផ្សេងៗគ្នា នៅទូទាំងប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នេះ។

លោក Edward Buba អ្នកនាំពាក្យជាន់ខ្ពស់របស់យោធា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅរដ្ឋធានីអាប៊ូចា ( Abuja)ថា មនុស្ស ២៣៨នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនោះ។ កងទ័ព បានកំណត់ទីតាំងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជន បំផ្លាញមូលដ្ឋានភស្តុភាររបស់ពួកគេ និងបានកត់ត្រាប្រតិបត្តិការប្រកបដោយជោគជ័យ នៅទូទាំងទីបញ្ជាការយុទ្ធសាស្ត្រ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។

លោក Buba បាននិយាយថា៖«តួនាទីរបស់យើងនៅក្នុងសង្រ្គាមដែលកំពុងបន្ត គឺច្បាស់លាស់ ហើយយើងកំពុងឈ្នះសង្រ្គាមនេះ។ យោធា មិនភ្លេចពីបញ្ហាប្រឈមផ្នែកសន្តិសុខមួយចំនួន ដែលពលរដ្ឋ ជួបប្រទះ នៅតាមទីតាំងជាក់លាក់មួយចំនួនទេ ហើយកំពុងវាយតម្លៃឡើងវិញនូវប្រតិបត្តិការនៅក្នុងតំបន់ទាំងនោះ ដើម្បីធានាឲ្យបានល្អប្រសើរ និងការពារប្រជាពលរដ្ឋ»។«កងទ័ពទទួលស្គាល់ភាពបន្ទាន់ក្នុងការធានាសន្តិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងប្រទេសនេះ»។
មន្ត្រីបានបន្ថែមថា ក្នុងអំឡុងពេលនោះ ជនស៊ីវិល ១៨៨នាក់ ដែលត្រូវចាប់ធ្វើជាចំណាប់ថ្នូរដោយក្រុមឧក្រិដ្ឋជន ត្រូវបានទាហានជួយសង្គ្រោះ ដោយកត់សម្គាល់ថា អាវុធចម្រុះចំនួន ១៥៣ដើម និងគ្រាប់រំសេវជាង ២.000 គ្រាប់ ក៏ត្រូវបានរកឃើញផងដែរ។
លោក Buba បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា «កំពុងធ្វើការលើយុទ្ធសាស្ត្រថ្មី ដើម្បីការពារប្រជាជន និងពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង»។