បេសកជនជាន់ខ្ពស់របស់រុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ចប់អាណត្តិរបស់លោកហើយ ដោយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Newsweek ឥស្សរជនរូបនេះបានបន្សល់ទុកនូវការព្យាករណ៍ដ៏អាក្រក់មួយ អំពីហានិភ័យដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានសភាពកាន់តែអាក្រក់ទៅៗ រហូតឈានទៅដល់ការប៉ះទង្គិចគ្នា ដោយអាវុធនុយក្លេអ៊ែរ ជុំវិញសង្គ្រាមដែលកំពុងបន្តមាន នៅប្រទេសអ៊ុយក្រែន។

វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បានប្រកាសថា ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Antonov ត្រូវបានបញ្ចប់កាតព្វកិច្ចរបស់លោកជាផ្លូវការហើយ បន្ទាប់ពីបានបម្រើការរយៈពេល ៧ឆ្នាំ។ តែនៅក្នុងចន្លោះពេលមុនដល់ការចាកចេញរបស់លោក លោក Antonov បាននិយាយជាមួយសារព័ត៌មាន Newsweek អំពីស្ថានភាពទំនាក់ទំនងពេញដោយបញ្ហា រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលមិនមាននូវសញ្ញាពីភាពប្រសើរឡើងនោះឡើយ ដោយសារសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តមាន ហើយអង្គការណាតូ (NATO) បានបន្ថែមការគាំទ្រផ្នែកយោធាទ្វេដងដល់ទីក្រុងគីវ ចំពេលមានការរុលទៅមុខរបស់យោធារុស្ស៊ី នាពេលថ្មីៗនេះ។

លោក Antonov បាននិយាយថា៖ «មិនមានសញ្ញាដែលពួកគេ (អ៊ុយក្រែន និងសម្ព័ន្ធមិត្ត) ត្រូវការពិចារណា អំពីគោលជំហររបស់ពួកគេ ហើយអង្គុយចុះចរចានោះឡើយ។ ទាំងមិនមានតម្រុយណាមួយ អំពីការបញ្ឈប់លំហូរនៃអាវុធដែលផ្ដល់ដោយគ្មានវិចារណញ្ញាណ ពោលគឺជាអាវុធបានមកដោយសារញើសឈាមរបស់អ្នកបង់ពន្ធក្នុងស្រុក»។ ផ្ទុយទៅវិញ លោកបានលើកឡើងថា «ទីក្រុងវ៉ាស៊ីនតោនកំពុងបន្តការពិភាក្សាដ៏គ្រោះថ្នាក់មួយអំពីលទ្ធភាព ក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច»។
លោក Antonov បានសង្កត់ធ្ងន់ថា ការពិភាក្សាបែបនេះ បានគំរាមផ្គើននឹងឱសានវាទចុងក្រោយបង្អស់ដែលចេញដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងអន្តរាគមន៍ពីខាងក្រៅ គិតចាប់តាំងពីការបញ្ជាលើកដំបូងឲ្យមាន «ប្រតិបត្តិការយោធាពិសេស» ចូលទៅក្នុងដែនដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕