ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បាននិយាយថា មនុស្សប្រហែល ៨៩៣.០០០នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ខណៈជាង ២៤១.០០០នាក់ ត្រូវផ្លាស់ចេញពីទីលំនៅ។
ទីភ្នាក់ងារជំនួយ បានព្រមានថា ប្រទេសថ្មីជាងគេបំផុតរបស់ពិភពលោកមួយនេះ ដែលងាយរងគ្រោះធ្ងន់ធ្ងរ ដោយសារបម្រែបម្រួលអាកាសធាតុ កំពុងប្រឈមជាមួយទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ការិយាល័យអង្គការសហប្រជាជាតិ ដើម្បីការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទឹកជំនន់នៅតែបន្តប៉ះពាល់ និងជម្លៀសប្រជាជននៅទូទាំងប្រទេស។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានធ្វើឲ្យផ្លូវផ្គត់ផ្គង់សំខាន់ៗចំនួន ១៥ខ្សែ មិនអាចឆ្លងកាត់បាន ដោយបង្កការលំបាកដល់លទ្ធភាពចូលដោយជាក់ស្ដែង»។
OCHA បានប្រាប់ថា មនុស្សប្រហែល ៨៩៣.០០០នាក់ ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ចំនួន ៤២ ក្នុងចំណោមខេត្តក្រុងចំនួន ៧៨ របស់ប្រទេសស៊ូដង់ខាងត្បូង ព្រមទាំងតំបន់រដ្ឋបាល Abyei ជាតំបន់ជម្លោះដែលត្រូវបានទាមទារទាំងពីទីក្រុង Juba និង Khartoum។ ទីភ្នាក់ងារនេះ បានបន្តថា រដ្ឋ Unity និង Warrap នៅភាគខាងជើងនៃប្រទេស មានប្រជាជនច្រើនជាង ៤០ភាគរយ រងផលប៉ះពាល់។
OCHA បានបន្ថែមថា មនុស្សជាង ២៤១.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ចំនួន ១៦ ហើយតំបន់ Abyei «ត្រូវស្វែងរកទីជម្រកនៅទីទួលខ្ពស់ៗ»៕