ប្រដាល់សកល៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ៤រូបត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាធ្វើការផ្គូរផ្គង់ជាគូដណ្ដើមប្រាក់លានក្នុងកម្មវិធី Ultimate Boxing Championship 2021 (UBC-2021) នៅថ្ងៃទី១០ ខែតុលាចុងសប្ដាហ៍នេះនៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស។

អ្នកលេងកណ្ដាប់ដៃទាំង ៤រូបនេះរួមមានកីឡាករ សែត សារឹទ្ធ និង ទូច ដេវីត ដែលជាម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។ កីឡាករ ម៉ាង ព្រហ្មម៉ាញ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងកីឡាករ វី សុភ័ស ម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍ China-ASEAN Boxing Championship 2019។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ជើងខ្លាំងប្រដាល់សកលកម្ពុជាទាំង ៤រូបនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នឹងត្រូវប្រកួតកាត់សេចក្ដីរកបេក្ខភាពប្រាក់លាន ដោយអ្នកឈ្នះទទួលបានប្រាក់រង្វាន់ ៣លានរៀល និងអ្នកចាំទីបាន ១លានរៀល។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ការរៀបចំគូដណ្ដើមប្រាក់លាននេះ គឺសហព័ន្ធចង់ផ្ដល់ឱកាសដល់ក្រុមជម្រើសជាតិបានធ្វើការប្រកួតកាន់តែច្រើនដើម្បីបង្ហាញ ពង្រឹង និងអភិវឌ្ឍសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមផង និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។ សម្រាប់ការប្រកួតសប្ដាហ៍ទី៣ នៃព្រឹត្តិការណ៍ UBC 2021 នេះដែរ ក្រៅពីគូដណ្ដើមប្រាក់លាន ក៏មានគូឯក និងគូពិសេសៗ ៤គូផ្សេងទៀតផងដែរក្នុងនោះកីឡាករ ផល សុភ័ណ្ឌ ត្រូវជួបកីឡាករ រឿម វណ្ណៈ កីឡាករ អំ ខេម ជួបកីឡាករ ថា រីវ៉ា, លី ហាង ជួបកីឡាករ ឌឿន ចំរុង និងកីឡាករ សុផាត មេសា ជួបកីឡាករទម្ងន់ស្រលា ណន សុខលីម៕
អត្ថបទ៖ លី ឈុនឡា