សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអារ៉ាប់ថា ប្រទេសហ្ស៊កដានី កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ពួកគេ មិនចង់ឲ្យហេដ្ឋារចនាសម្ព័ន្ធយោធា និងដែនអាកាសរបស់ពួកគេ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិក ឬអ៊ីស្រាអែល សម្រាប់ប្រតិបត្តិការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ទេ។
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានព្រមានតាមរយៈបណ្តាញការទូតសម្ងាត់ថា៖« បណ្តាប្រទេសឈូងសមុទ្រសម្បូរប្រេង និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត នៅមជ្ឈិមបូព៌ា» នឹងក្លាយជាគោលដៅសម្រាប់ការវាយប្រហាររបស់ខ្លួន ប្រសិនបើទឹកដី ឬដែនអាកាសរបស់ពួកគេ ត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់។ ការព្រមាននេះ ត្រូវបានទទួលដោយប្រទេសហ្ស៊កដានី Joran,កាតា,អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ជាទីដែលទាហានអាមេរិក ត្រូវបានដាក់ពង្រាយក្នុងចំណោមប្រទេសដទៃទៀត។
ប្រភព បានចង្អុលបង្ហាញថា មានហានិភ័យនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសឈូងសមុទ្រ ក៏ដូចជាទីតាំងយោធា និងទាហានអាមេរិក នៅក្នុងតំបន់។