មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះថា បុរសជនជាតិកូរ៉េខាងជើងម្នាក់ បានឆ្លងកាត់ព្រំដែនសមុទ្រភាគខាងលិច ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយជិះទូកឈើ នៅក្នុងការរត់គេចខ្លួនលើកទី៣ ក្នុងរយៈពេល ២ខែ។
យោធាកូរ៉េខាងត្បូង បានតាមដានសកម្មភាពរបស់គាត់ ហើយក្រោយមកបានជួយគាត់ក្នុងការមកដល់កូរ៉េខាងត្បូង នៅពេលដែលទូកតូចរបស់គាត់ បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង នៅក្បែរកោះ Baengnyeong ព្រំដែនកូរ៉េខាងត្បូង ក្នុងសមុទ្រលឿង កាលពីព្រឹកព្រលឹមថ្ងៃទី ១៧ ខែកញ្ញា។
មន្ត្រីរូបនេះ បាននិយាយថា ៖«ប្រតិបត្តិការ បានធ្វើឡើងជាធម្មតាតាំងពីដំណាក់កាលដំបូង» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីអត្តសញ្ញាណនិងប្រតិបត្តិការរបស់អ្នករត់ចោលការនោះទេ។
ការប្រកាសពីការរត់ចោលស្រុកចុងក្រោយនេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងជើង បាននិយាយថា ខ្លួននឹង «បិទជាអចិន្ត្រៃយ៍ និងបិទព្រំដែនភាគខាងត្បូង» ជាអ្វីដែលលោកឧត្តមនាវីឯក Kim Myung-soo នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា គឺជាការប៉ុនប៉ងមួយ ដើម្បីការពារប្រជាជន មិនឲ្យរត់ចេញពីប្រទេសកូរ៉េខាងជើង។