អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានដំឡើងការរំពឹងទុករបស់ខ្លួនតិចតួចប៉ុណ្ណោះ សម្រាប់ការធ្វើពាណិជ្ជកម្មទំនិញសកល នៅឆ្នាំនេះ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បានព្រមានថា ការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់លើគោលនយោបាយសេដ្ឋកិច្ចបង្កហានិភ័យ «ធំធេង» ចំពោះការព្យាករណ៍របស់ខ្លួន។
WTO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានព្យាករថា ពាណិជ្ជកម្មទំនិញសកល នឹងកើនឡើង ២,៧ភាគរយ នៅឆ្នាំនេះ ធៀបនឹង ២,៦ភាគរយដែលខ្លួនបានព្យាករ ក្នុងខែមេសា។ ប៉ុន្តែស្ថាប័នេះបានព្យាករកំណើន ៣ភាគរយ នៅឆ្នាំក្រោយ ដោយទាបជាង ៣,៣ភាគរយ ដែលខ្លួនបានព្យាករពីមុន។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទំនិញពិភពលោក បានធ្លាក់ចុះ ១,១ភាគរយ ដែលការជំរុញឲ្យមានកម្រិតទាបបែបនេះ ដោយសារអតិផរណាឡើងខ្ពស់ និងការដំឡើងអត្រាការប្រាក់។
ស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ បានព្រមានថា៖ «ការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ច បន្តបង្កឲ្យមានហានិភ័យធ្លាក់ចុះកំណើនយ៉ាងខ្លាំង ចំពោះការព្យាករណ៍នេះ»។
តែទោះបីជាយ៉ាងណាក្ដី ស្ថាប័ននេះបានចង្អុលបង្ហាញពីកំណើន ២,៣ភាគរយនៃពាណិជ្ជកម្មទំនិញសកល ក្នុង ៦ខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំមុន ហើយបានកត់សម្គាល់ថា ត្រឹមពាក់កណ្តាលឆ្នាំ អតិផរណាបានធ្លាក់ចុះច្រើនល្មមគ្រប់គ្រាន់ ដើម្បីឲ្យធនាគារកណ្តាលចាប់ផ្តើមទម្លាក់អត្រាការប្រាក់៕