លោក Danny Danon តំណាងអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ អ៊ីស្រាអែលកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការប្រយុទ្ធប្រឆាំងនឹងក្រុម ហេសបូឡា Shia នៅប្រទេសលីបង់ ហើយកំពុងផ្តល់អនុសាសន៍ដល់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) ឲ្យដកថយចេញពីភាគខាងជើង ចម្ងាយ ៥គីឡូម៉ែត្រ។
លោក Danon បាននិយាយថា៖«យើងសូមផ្តល់អនុសាសន៍ដល់ UNIFIL ឲ្យដកថយពីភាគខាងជើង ចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីចៀសវាងគ្រោះថ្នាក់ នៅពេលដែលការប្រយុទ្ធកាន់តែខ្លាំង ហើយស្ថានភាពនៅតាមខ្សែបន្ទាត់ពណ៌ខៀវ នៅតែមិនមានស្ថិរភាព ដោយសារការឈ្លានពានរបស់ក្រុមហេសបូឡា»។
បេសកជនរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនព្យាយាមបន្តនៅក្នុងប្រទេសលីបង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់ ដើម្បីបណ្តេញក្រុមភេរវករហេសបូឡា ចេញឲ្យឆ្ងាយពីព្រំដែនភាគខាងជើង និងធានាសុវត្ថិភាពនៃប្រជាជនអ៊ីស្រាអែលចំនួន ៧0.000នាក់ ដែលបានក្លាយជាជនភៀសខ្លួន នៅក្នុងប្រទេសរបស់ពួកគេ។
UNIFIL ធ្លាប់បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាលើទីស្នាក់ការកណ្តាល Naqoura របស់ខ្លួន។ ការវាយប្រហារនេះ ធ្វើឡើងដោយរថក្រោះ Merkava។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងនឹងអង្គភាព របស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលដែលខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងទីតាំងយោធារបស់ចលនានេះ។