រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រ (ទី១១ ខែតុលា) នេះ បាននិយាយថា មានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី អំពីស្ថានភាពលំបាករបស់ប្រជាជន នៅតំបន់ហ្កាហ្សា និងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ហើយបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងរង្វង់នៃឥទ្ធិពលរបស់ខ្លួន ដើម្បីទប់កុំឲ្យសង្គ្រាមរីករាលដាល។
ដោយថ្លែងនៅឯប្រទេសឡាវ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយក្រុមប្រទេសអាស៊ីបូព៌ា លោក Blinken បាននិយាយថា ការព្រួយបារម្ភ អំពីវិបត្តិមជ្ឈិមបូព៌ា បានលេចឡើងនៅក្នុងការសន្ទនាជាមួយមេដឹកនាំផ្សេងទៀត ដែលពេលនោះលោកបានរំលឹកឡើងវិញថា ក្រុងវ៉ាស៊ីនតោនបានយកចិត្តទុកដាក់លើផ្នែកការទូត ដើម្បីគ្រប់គ្រងស្ថានការណ៍ នៅចំពោះមុខអ្វីដែលលោកហៅថា ការប្រយុទ្ធរបស់ក្រុមអាក់ស៊ីសដឹកនាំដោយអ៊ីរ៉ង់។
លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលជាអ្វីមានតាំងពី ១ឆ្នាំមុន ហើយការធ្វើដូច្នេះ (កំពុង) ទប់ស្កាត់ជម្លោះទាំងនេះកុំឲ្យរីករាលដាល។ ហើយយើងកំពុងធ្វើការលើបញ្ហានោះជារៀងរាល់ថ្ងៃ»។
លោកបានបន្ថែមថា៖ «យើងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លា តាមរយៈការរារាំង និងតាមរយៈការទូត ដើម្បីទប់ស្កាត់កុំឲ្យកើតមានឡើង។ វាក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ដែលយើងចែករំលែក អំពីស្ថានភាពរបស់កុមារ ស្ត្រី និងបុរស នៅតំបន់ហ្កាហ្សា ដែលឥឡូវនេះត្រូវបានជាប់នៅក្នុងជម្លោះដ៏អាក្រក់ រយៈពេល ១ឆ្នាំហើយ ដោយសារតែបង្កហេតុរបស់ក្រុមហាម៉ាស»។
ជាមួយគ្នានេះ លោក Blinken ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានចូលរួមពិភាក្សាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដើម្បីសង្កត់ធ្ងន់ថា តើវាមានភាពចាំបាច់កម្រិតណា ដែលតម្រូវការមនុស្សធម៌របស់ប្រជាជន នៅតំបន់ហ្កាហ្សា ត្រូវសម្រេចឲ្យបាន៕

