អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានហៅការវាយប្រហារតាមអាកាសរបស់របបអ៊ីស្រាអែល នៅមន្ទីរពេទ្យរបស់សង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ នៅព្រំដែននៃប្រទេសស៊ីរី-លីបង់ថា ជាឧក្រិដ្ឋកម្មសង្រ្គាម ហើយបានថ្កោលទោសការវាយប្រហារនេះ នៅក្នុងពាក្យសម្តីធ្ងន់ៗបំផុត។
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់របបជ្វីហ្វ ទៅលើមន្ទីរពេទ្យបណ្តោះអាសន្នរបស់សង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ នៅព្រំដែននៃប្រទេសលីបង់ និងស៊ីរី។
កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងរបស់របបអ៊ីស្រាអែល បានកំណត់គោលដៅលើមន្ទីរពេទ្យបណ្តោះអាសន្នមួយរបស់សង្គមអឌ្ឍចន្ទក្រហម នៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី ដែលអ៊ីរ៉ង់បានបង្កើតឡើងនៅដើមខែនេះ។
លោក Baghaei បានពណ៌នាអំពីការវាយប្រហាររបស់អ៊ីស្រាអែលថា ជាឧទាហរណ៍ច្បាស់លាស់នៃឧក្រិដ្ឋកម្មសង្រ្គាម ហើយបានលើកឡើងពីការហាមឃាត់ចំពោះកំណត់គោលដៅទៅលើមន្ទីរពេទ្យ ស្របតាមច្បាប់ និងបទប្បញ្ញត្តិមនុស្សធម៌អន្តរជាតិសំខាន់ៗទាំងអស់។
លោក Baghaei បាននិយាយថា៖«ការវាយប្រហារម្តងហើយម្តងទៀតដោយរបបនេះប្រឆាំងនឹងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅហ្គាហ្សា លីបង់ និងស៊ីរី គឺជាសញ្ញាច្បាស់លាស់នៃការបះបោររបស់របបជ្វីហ្វ ប្រឆាំងនឹងបទដ្ឋាន និងស្តង់ដាអន្តរជាតិទាំងអស់» ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ឲ្យមានប្រតិ កម្មនិងការឆ្លើយតបយ៉ាងច្បាស់ ពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធដទៃទៀត។

