រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃសុក្រ (ទី១១ ខែតុលា) នេះ បាននិយាយថា ប្រទេសរបស់លោក នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការការពារឲ្យកាន់តែខ្លាំងក្លានោះឡើយ ប្រសិនបើអ៊ីស្រាអែលសងសឹក ចំពោះការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។
បើយោងតាមការបង្ហោះរបស់ក្រសួង នៅលើបណ្ដាញសង្គម X បានបង្ហាញថា ក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសផ្សេងៗ លោក Araqchi បានលើកឡើងថា អ៊ីរ៉ង់ «ត្រៀមខ្លួនរួចរាល់ទាំងស្រុង ដើម្បីចាត់វិធានការការពារឲ្យកាន់តែខ្លាំងក្លា ប្រសិនបើចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបំពានបន្ថែមទៀត ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការធ្វើដូច្នេះនោះឡើយ»។
អ៊ីស្រាអែលបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ នៅថ្ងៃទី១ ខែតុលា ដែលបានចាប់ផ្តើមឡើង ដើម្បីជាការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ និងតំបន់ហ្កាហ្សា ហើយនិងការសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅអ៊ីរ៉ង់។
លោក Araqchi បានប្រាប់នៅក្នុងលិខិតរបស់លោកថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល គឺស្របតាមសិទ្ធិការពារខ្លួន ក្រោមច្បាប់អន្តរជាតិ និងបានធ្វើឡើងបន្ទាប់ពីបានអត់ធ្មត់យ៉ាងខ្លាំង ខណៈខ្លួនបានស្វែងរកបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
យ៉ាងណាក្ដី រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ ក្នុងវិធីមួយដែលនឹងបង្កឲ្យមាន «គ្រោះថ្នាក់ខ្លាំង កំណត់គោលដៅច្បាស់លាស់ និងធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ជាក់ជាមិនខាន»៕


