អាជ្ញាធរ នៅថ្ងៃសុក្រ (ទី១១ ខែតុលា) នេះ បាននិយាយថា គ្រូពេទ្យហាត់ការម្នាក់ ដែលធ្វើកូដកម្មអត់អាហារ នៅក្នុងប្រទេសឥណ្ឌា ពាក់ព័ន្ធទៅនឹងករណីរំលោភ និងសម្លាប់លើអ្នកគ្រូពេទ្យម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារខ្វះជាតិទឹកធ្ងន់ធ្ងរ។
លោក Aniket Mahato និងពេទ្យ ៦នាក់ផ្សេងទៀត បានចាប់ផ្តើមកូដកម្មអត់អាហាររបស់ពួកគេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា មិនមានសម្ភារៈបរិក្ខារគ្រប់គ្រាន់ និងសន្តិសុខល្អប្រសើរ សម្រាប់ក្រុមគ្រូពេទ្យ ដែលភាគច្រើនធ្វើការវេនច្រើនម៉ោង នៅក្នុងមន្ទីរពេទ្យដែលមានមនុស្សច្រើនកកកុញ និងកខ្វក់។
សាស្ត្រាចារ្យនៅមន្ទីរពេទ្យ លោកស្រី Soma Mukhopadhyay បាននិយាយថា៖ «នៅពេលដែលលោកត្រូវបានបញ្ជូនទៅ រូបគេខ្សោះជាតិទឹកធ្ងន់ធ្ងរ ចំនួនលោតរបស់ជីពចរ គឺខ្ពស់ណាស់ ហើយស្ថិតក្នុងស្ថានភាពមិនមានស្ថិរភាព»។
ជីពចរ សម្ពាធឈាម និងកម្រិតជាតិទឹករបស់គេ បានប្រសើរឡើង នៅរសៀលថ្ងៃសុក្រនេះ ប៉ុន្តែការតាមដានបន្ថែមទៀត គឺត្រូវការជាចាំបាច់ ចំពោះគ្រោះថ្នាក់ដែលអាចកើតមានផ្សេងទៀត។
គួរបញ្ជាក់ថា ការរំលោភ និងសម្លាប់លើគ្រូពេទ្យអាយុ ៣១ឆ្នាំ នៅមន្ទីរពេទ្យ ក្នុងរដ្ឋ West Bengal បានបង្កឲ្យមានរលកនៃការតវ៉ារបស់វេជ្ជបណ្ឌិត នៅទូទាំងប្រទេស ដោយទាមទារឲ្យផ្ដល់សុវត្ថិភាពនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរជាងមុន សម្រាប់ស្ត្រី និងយុត្តិធម៌ សម្រាប់មិត្តរួមអាជីពរបស់ពួកគេ ដែលជំរុញឲ្យតុលាការកំពូលរបស់ប្រទេសឥណ្ឌាបង្កើតក្រុមការងារសុវត្ថិភាព នៅតាមមន្ទីរពេទ្យ។
សមាគមវេជ្ជសាស្រ្ដឥណ្ឌា ដែលជាស្ថាប័នគ្រូពេទ្យដ៏ធំបំផុតរបស់ប្រទេស បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីប្រចាំរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) ដោយអំពាវនាវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ចំពោះក្រុមគ្រូពេទ្យដែលធ្វើកូដកម្ម៕

