ប្រធានាធិបតីកេនយ៉ាលោក William Ruto និងនាយករដ្ឋមន្រ្តីហៃទីលោក Garry Conille បានឈរម្ខាងម្នាក់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី នាថ្ងៃសុក្រនេះ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការគាំទ្រតាមការសន្យា ដើម្បីជួយប្រទេសហៃទី ប្រឆាំងនឹងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល ។
កេនយ៉ាមានកងកម្លាំងជិត ៤០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហៃទី ជាផ្នែកមួយនៃបេសកកម្មគាំទ្រសន្តិសុខចម្រុះជាតិ(MSS) ជាទីដែលប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ដើរតួឈានមុខគេក្នុងការប៉ុនប៉ងទប់ស្កាត់អំពើហិង្សាជនអន្ធពាល និងត្រូវបានគេរំពឹងថា នឹងបញ្ជូនទាហាន ៦០០នាក់បន្ថែមទៀតទៅកាន់ប្រទេសហៃទី ។
យ៉ាងហោច ១០ប្រទេស បានសន្យាបញ្ជូនទាហានសរុបប្រហែល ២.៩០០នាក់ ដើម្បីចូលរួមបេសកកម្ម MSS ដឹកនាំដោយកេនយ៉ា ប៉ុន្តែទាហានប្រហែល ៤៣០នាក់ប៉ុណ្ណោះ ត្រូវបានដាក់ពង្រាយ ចាប់តាំងពីចាប់ផ្តើមបេសកកម្មអនុញ្ញាតដោយអង្គការសហប្រជាជាតិមួយនេះ កាលពីខែមិថុនា ក្នុងនោះទាហានជិត ៤០០នាក់ក្នុងចំណោមពួកគេ មកពីប្រទេសកេនយ៉ា ។
ក្រុមជនអន្ធពាលប្រដាប់អាវុធធន់ធ្ងន់ ដែលគ្រប់គ្រងតំបន់ភាគច្រើននៃរដ្ឋធានី Port-au-Prince បន្តដណ្តើមបានទឹកដី ។
កាលពីសប្តាហ៍មុន ក្រុមជនអន្ធពាល Gran Grif បានបើកការវាយប្រហារស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១៥នាក់ នៅតំបន់កសិកម្ម ៕



