ក្រុមមេធាវីបាននិយាយថា តុលាការថៃ នៅថ្ងសសុក្រ (ទី១១ ខែតុលា) បានសម្រេចឲ្យសមាជិកសភាបក្សប្រឆាំងមួយរូបរួចទោស ក្នុងសំណុំរឿងរំលោភលើច្បាប់ប្រមាថមហាក្សត្រ ដោយនេះជាករណីដ៏កម្រមួយនៃការឲ្យរួចទោសបែបនេះ ជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងព្រះរាជាណាចក្រមួយនេះ។
លោក Piyarat Chongthep ហៅក្រៅ «Toto» ត្រូវបានគេចោទប្រកាន់ថា បានដំឡើងបដារិះគន់ព្រះមហាក្សត្រថៃ ក្នុងខេត្ត Kalasin នៅភាគឦសាននៃរាជធានីបាងកក ក្នុងឆ្នាំ២០២១។
យោងតាមក្រុមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស (TLHR) បានឲ្យដឹងថា តុលាការមួយ ក្នុងខេត្ត Kalasin នៅថ្ងៃទី១១ ខែតុលា បានច្រានចោលសំណុំរឿង ប្រឆាំងនឹងសមាជិកសភារបស់គណបក្សប្រជាជន (People’s Party)ដោយលើកឡើងថា មិនមានភស្តុតាងគ្រប់គ្រាន់។
ស្ថាប័ននេះបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «តុលាការបានសម្រេចឲ្យចុងចោទរួចខ្លួន ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់»។ ចំណែក TLHR បានប្រាប់នៅលើបណ្ដាញសង្គម X ថា៖ «លោក Piyarat នៅតែរំពឹងថា ត្រូវប្រឈមនឹងការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ២ករណីទៀត»។
អ្នកនាំពាក្យរបស់ TLHR បានប្រាប់សារព័ត៌មាន AFP ថា ការសម្រេចឲ្យរួចទោស ពាក់ព័ន្ធទៅនឹងបទចោទប្រមាថព្រះមហាក្សត្រនេះ គឺកម្រកើតមានណាស់ នៅក្នុងប្រទេសថៃ។ លោក Piyarat បានសាទរចំពោះការសម្រេចរបស់តុលាការនេះ។
យ៉ាងណាក្ដី យោងតាម TLHR បានឲ្យដឹង មនុស្សជាង ២៧០នាក់ ត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ គិតចាប់តាំងពីឆ្នាំ២០២០ មក៕

