ក្រសួងការពារជាតិរុស្ស៊ីលោក Andrei Belousov និយាយនៅថ្ងៃសុក្រនេះថា យានដ្រូនដើរដោយបញ្ញាសិប្បនិម្មិត(AI) ដើរតួយ៉ាងសំខាន់លើសមរភូមិប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ហើយលោកបានជំរុញឲ្យហ្វឹកហាត់ទាហានពីរបៀបប្រើប្រាស់យានដ្រូនទាំងអស់នេះ ។
ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរូបភាពវីដេអូឃ្លីបរបស់លោក Belousov ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យាយានដ្រូនជំនាន់ក្រោយ ហើយនិងពេលដែលលោក Belousov និយាយទៅកាន់ប្រតិបត្តិករយានដ្រូន ។
ទាហានម្នាក់ បានបង្ហាញយានដ្រូនសិប្បនិម្មិតបំពាក់ដោយឧបករណ៍ស្គាល់រូបភាពដោយស្វ័យប្រវត្តិដើរដោយ AI វាយប្រហារទូកតូចមួយនៅក្នុងទន្លេ ។
ទាហានរូបនោះ និយាយប្រាប់លោក Belousov ថា វាចាប់គោលដៅ ហើយវាចាប់យកគោលដៅរួចជាស្រេច ។ សូម្បីតែវាបាត់បង់ការគ្រប់គ្រងយ៉ាងណាក្តី វានឹងកាច់ចង្កួតយានដ្រូនឆ្ពោះទៅរកគោលដៅនោះ ។
លោក Belousov និយាយថា ទាហាន ២កង បំពាក់ដោយយានដ្រូនដើរដោយ AI ត្រូវបានដាក់ពង្រាយរួចរាល់ទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន ក៏ដូចជាតំបន់ Belgorod និងតំបន់ Kursk របស់រុស្ស៊ី ជាទីដែលទាហានរុស្ស៊ី កំពុងធ្វើសង្រ្គាមរុញច្រានទាហានអ៊ុយក្រែនដែលបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលឆ្លងកាត់ព្រំដែនកាលពីខែសីហាកន្លងទៅ ៕



