អង្គការ Nihon Hidankyo ដែលជាក្រុមអ្នករស់រានពីការទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុន បានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៤ ។
ដោយគេស្គាល់ថាជា Hibakusha ក្រុមមួយនេះ បង្កើតឡើដោយអ្នករស់រានពីការទម្លាក់គ្រាប់បែកបរមាណូឆ្នាំ ១៩៤៥លើទីក្រុង Hiroshima និងទីក្រុង Nagasaki ។ ពួកគេត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការពានរង្វាន់ណូបែលន័រវែស សម្រាប់កិច្ចខិតខំលុបបំបាត់ចោលអាវុធនុយក្លេអ៊ែររបស់ពិភពលោក ។
ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែលលោក Joergen Watne Frydnes និយាយថា ពួកគេ បានរួមចំណែកយ៉ាងអស្ចារ្យចំពោះការបង្កើតបម្រាមនុយក្លេអ៊ែរ ។
លោក Frydnes បានព្រមានថា បម្រាមនុយក្លេអ៊ែរបច្ចុប្បន្ន ស្ថិតក្រោមសំពាធ ហើយលោកបានកោតសរសើរដល់ការប្រើប្រាស់សក្ខីកម្មជាសាក្សីរបស់ក្រុមមួយនេះ ដើម្បីធានាថា អាវុធនុយក្លេអ៊ែរ ដាច់ខាតមិនត្រូវប្រើប្រាស់ម្តងទៀតឡើយ ។
យោងតាមគេហទំព័ររបស់ពួកគេបានឲ្យដឹងថា បង្កើតឡើងនៅឆ្នាំ ១៩៥៦ អង្គការមួយនេះ បានបញ្ជូនអ្នករស់រានទៅជុំវិញពិភពលោក និងចែករំលែកសក្ខីកម្មរបស់ពួកគេចំពោះការខូចខាតដ៏អាក្រក់បំផុត និងការឈឺចាប់ដោយសារការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។
ការងាររបស់ពួកគេ បានចាប់ផ្តើមកាលពីរយៈពេលជិត ១ទសវត្សរ៍មុន ក្រោយការបំផ្លិចបំផ្លាញទីក្រុង Hiroshima និងទីក្រុង Nagasaki ។
ក្រុមមួយនេះ ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ច្រើនលើកច្រើនសារមកហើយកាលពីមុន រួមទាំងកាលពីឆ្នាំ ២០០៥ផងដែរ ពេលដែលពួកគេទទួលបានការឧទ្ទេសនាមពីគណៈកម្មាធិការណូបែលណន័រវែស ។
គួររំឭកថា កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima ដោយបានសម្លាប់មនុស្សប្រហែល ១៤ម៉ឺននាក់ ហើយនៅរយៈពេល ៣ថ្ងៃក្រោយមក គ្រាប់បែកបរមាណូទី ២ ត្រូវបានទម្លាក់លើទីក្រុង Nagasaki ។ រយៈពេល ២សប្តាហ៍ក្រោយ ជប៉ុនសុំចុះចាញ ជាការបញ្ចប់សង្រ្គាមលោកលើកទី ២ ៕