យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរលីបង់ បានឲ្យដឹងថា ប្រតិបត្តិការជួយសង្រ្គោះ និងបោសម្អាតគំនរបាក់បែក បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ក្រោយការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២២នាក់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត រងរបួស ។
យោងតាមប្រភពព័ត៌មានសន្តិសុខចំនួន ៣ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ហេសបូឡាមួយរូប បានគេចផុតពីការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Beirut ។
ប្រភពសន្តិសុខ បានឲ្យដឹងថា លោក Wafiq Safa ដែលជាប្រធានអង្គភាពទំនាក់ទំនង និងសម្របសម្រួលទទួលខុសត្រូវការងារជាមួយទីភ្នាក់ងារសន្តិសុខលីបង់ បានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែរូបលោកបានរស់រាន ។
ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំផ្ទះល្វែងអ្នកស្រុក និងហាងតូចៗនៅកណ្តាលទីក្រុង Beirut ។
អ៊ីស្រាអែល ពុំបានចេញការព្រមានឲ្យជម្លៀសខ្លួននោះឡើយ មុនការវាយប្រហារនេះ ហើយក៏ពុំធ្លាប់ដែលវាយប្រហារកាលពីមុននោះដែរលើតំបន់មួយនេះ ដែលទើបផ្លាស់ទីចេញពីតំបន់ជាយក្រុងភាគខាងលិចទីក្រុង Beirut ជាកន្លែងរបស់ស្នាក់ការកណ្តាលក្រុមហេសបូឡា រងការទម្លាក់គ្រាប់បែកឥតឈប់ឈរដោយកងកម្លាំងអ៊ីស្រាអែល ។
ក្រសួងសុខាភិបាលលីបង់ រាយការណ៍ថា មនុស្ស ២២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១១៧នាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងចំណោមអ្នកស្លាប់គឺជាគ្រួសារមានសមាជិក ៨នាក់ រួមទាំងកុមារ ៣នាក់ផងដែរ ដែលទើបជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូងលីបង់ ៕