ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ព្យុះដ៏កំណាច និងភ្លៀងធ្លាក់យ៉ាងគំហុកនៃព្យុះសង្ឃរា Milton បានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់នៅរដ្ឋ Florida ក្នុងសប្តាហ៍នេះ គឺកាន់តែធ្ងន់ធ្ងរទៅៗដោយសារតែបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។

យោងតាមការវិភាគមួយធ្វើឡើងដោយអង្គការស្រាវជ្រាវ World Weather Attribution បានឲ្យដឹងថា ការឡើងកម្តៅផែនដី បានបង្កើនល្បឿនខ្យល់ប្រហែល១០ភាគរយកាន់តែខ្លាំង ហើយទឹកភ្លៀងកាន់តែកើនឡើងពី២០ភាគរយទៅ៣០ភាគរយ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បានសិក្សាពីកក្តានៃបម្រែបម្រួលអាកាសធាតុក្នុងការជំរុញឲ្យអាកាសធាតុកាន់តែមិនអំណោយផលខ្លាំង។

ព្យុះសង្ឃរា Milton កាន់តែកើនខ្លាំងពីព្យុះប្រភេទទី១ ទៅជាព្យុះសង្ឃរាប្រភេទទី៥ ក្នុងរយៈពេលតិចជាង២៤ម៉ោង ហើយទឹកឡើងកម្តៅជិតដល់កំណត់ត្រានៅក្នុងឈូងសមុទ្រម៉ិកស៊ិក ខណៈព្យុះនេះបានបោកបក់ដល់ដីគោកនៅរដ្ឋ Florida ជាព្យុះសង្ឃរាប្រភេទទី ៣។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយថា ការឡើងកម្តៅបន្ថែមនេះ បានបង្កើតជាព្យុះសង្ឃរា Milton ជាព្យុះសង្ឃរាអាត្លង់ទិកមានឥទ្ធិពលខ្លាំងបំផុតទីបីក្នុងកំណត់ត្រា ដោយមានល្បឿនខ្យល់អតិបរមាកើនឡើងដល់២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។