អង្គការជប៉ុន Nihon Hidankyo ជាចលនាមូលដ្ឋាននៃក្រុមអ្នករស់ជីវិតពីគ្រាប់បែកបរមាណូពីទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី បានឈ្នះរង្វាន់ណូបែលសន្តិភាព កាលពីថ្ងៃសុក្រ ទី១១ តុលា ដោយសារការព្រមានដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ កុំឱ្យប្រើប្រាស់គ្រាប់បែកប្រភេទនេះ។

ក្រុមអ្នករស់រានមានជីវិតជាច្រើនពីគ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់ដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងជម្លោះ ត្រូវបានគេស្គាល់ជាភាសាជប៉ុនថា «hibakusha» បានលះបង់ជីវិតរបស់ពួកគេក្នុងការតស៊ូដើម្បីពិភពលោកគ្មាននុយក្លេអ៊ែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍មួយថា «ពួកគេជាអ្នកជំរុញគំនិតដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ»។
តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធ លោក Izumi Nakamitsu បានគាំទ្រលោក Guterres នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

លោក Nakamitsu និយាយថា «Hibakushas មានភាពក្លាហាន និងបានសម្រេចចិត្តចែករំលែកបទពិសោធន៍ដ៏មហន្តរាយដល់ពិភពលោកជាសាធារណៈ ដើម្បីឱ្យពិភពលោកឈានឆ្ពោះទៅរកសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ ហើយជាការពិតណាស់ ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជារឿងនៅទីបំផុត»។
ទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសបានបង្ហាញថា មានអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូចំនួន ១០៦.៨២៥នាក់ ដែលបានចុះឈ្មោះនៅក្នុងប្រទេសជប៉ុន គិតត្រឹមខែមីនា ឆ្នាំនេះ ដែលមានអាយុជាមធ្យម៨៥ឆ្នាំ។