រដ្ឋបាលខេត្តឧត្តរមានជ័យ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងអស់ នៅថ្ងៃទី៤-៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ និងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តី ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេខកម្សាន្ដ។
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រណាំងទូកង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក នឹងមានការរៀបចំដាក់តាំងពិព័រណ៍ ប្រគំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗសប្បាយៗជាច្រើនផ្សេងទៀត។
ឯកឧត្តម បានបន្ថែមទៀតថា ការរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុងគោលបំណងរក្សា បាននូវប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាការបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ។ រដ្ឋបាលខេត្ត នឹងចាត់តាំងឱ្យមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតអន្តរជាតិ មានចំណុះ២២នាក់ ជាលក្ខណៈមិត្តភាព និងមានការបាញ់កាំជ្រួច នៅបរិវេណសួនច្បារផ្លូវភ្លោះ មុខសាលាខេត្តផងដែរ។
ឯកឧត្តម បន្តថា ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តក៏មានការចាត់តាំងឱ្យមានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគ-បរិភោគ សព្វសារពើ ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តឧត្តរមានជ័យ ដើម្បីជាការអបអរក្នុងពិធីបុណ្សអុំទូកនាពេលនោះផងដែរ៕






